(ភ្នំពេញ)៖ ក្រុមហ៊ុន កំពតផត កូអិលធីឌី សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឱ្យសម្រេចបាននាពេលអនាគត។

គម្រោងអភិវឌ្ឍផ្លូវទឹកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប គឺជាសរសៃឈាមនៃការតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រ និងជាដង្ហើមសេដ្ឋកិច្ចថ្មីមួយ ទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនមហាសាលសម្រាប់សេដ្ឋកិច្ចជាតិដូចជា៖

១- ជាប្រព័ន្ធដឹកជញ្ជូនទំនិញផ្លូវទឹកយ៉ាងសំខាន់សម្រាប់ផ្សារភ្ជាប់ពាណិជ្ចកម្មជាតិនិងអន្តរជាតិ
២- ជាប្រព័ន្ធធារាសាស្ត្រសម្រាប់ស្រោចស្រពដល់វិស័យកសិកម្ម
៣- ជាប្រព័ន្ធផ្លូវទឹក ជាទីអាស្រ័យផលរបស់ប្រជាជនកម្ពុជាក្នុងជីវភាពប្រចាំថ្ងៃ។
៤- ការពារនូវសុវត្ថិភាពប្រជានេសាទនៅសមុទ្រ នៅពេលដែលមានផ្លូវនាវាចរសមុទ្រអន្តរជាតិ

ទស្សនវិស័យដ៏ឈ្លៀសវៃ ប្រកបដោយគតិបណ្ឌិត និងការប្តេជ្ញាទទួលខុសត្រូវខ្ពស់ចំពោះប្រជាជាតិទាំងមូល សម្ដេចតេជោ ហ៊ុន សែន សម្រេចបាននូវ គោលនយោបាយឈ្នះឈ្នះ ហើយពេលនេះ សម្ដេចក៏បានសម្រេចចិត្តដ៏ហ្មឹងម៉ត់សម្រេចដាក់ចេញនូវគម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដោយនៅក្នុងសតវត្សទី១៩ ខេត្តកំពត គឺជាខេត្តតែមួយគត់ដែលមានផែអន្តរជាតិ។

ក្រុមហ៊ុន កំពតផត កូអិលធីឌី យើងខ្ញុំសូមគោរពជូនពរសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕