(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានអភិវឌ្ឍន៍ បៃតងសកល (Global Green Growth Institute – GGGI) តំណាងដោយលោកស្រី Helena McLeod អគ្គនាយិការងវិទ្យាស្ថាន GGGI និងពិធីប្រគល់-ទទួលឯកសារបទប្បញ្ញត្តិបច្ចេកទេសប្រព័ន្ធទឹកកខ្វក់ សរុបចំនួន ៨០០ក្បាល (ភាសាខ្មែរ ៤០០ក្បាល និងភាសាអង់គ្លេស ៤០០ក្បាល)។

ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង តំណាងវិទ្យាសា្ថន GGGI ប្រចាំកម្ពុជា និងទីស្នាក់ការកណ្តាល តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមន្ត្រីជំនាញពាក់ព័ន្ធ ចំនួនជាច្រើនរូប។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពដៃគូរវាងភាគីទាំងពីរសម្រាប់រយៈពេល ៥ឆ្នាំ ក្នុងការលើកកម្ពស់ការគ្រប់គ្រងសំណល់ និងទឹកកខ្វក់ ការដឹកជញ្ជូន និងមធ្យោបាយធ្វើដំណើរបៃតងប្រើបច្ចេកវិទ្យាអាកាសធាតុឆ្លាតវៃ (Climate-smart technology) ក្នុងប្រទេសកម្ពុជា តាមរយៈការស្រាវជ្រាវ និងអនុវត្តរួមគ្នា៕