(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើង​នូវការប្តេជ្ញា ដើម្បីបង្កើនភាពទាក់ទាញវិនិយោគិនថ្មីនៅកម្ពុជា និងបង្កើតក្រុមការងារដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជនឱ្យមានប្រសិទ្ធភាព​។

សម្តេច​​លើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេច​អញ្ជើញជាអធិបតីប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤​នេះ។

​សម្តេចធិបតីបានថ្លែងថា ដើម្បីទាក់ទាញវិនិយោគថ្មីបន្ថែមទៀត រាជរដ្ឋាភិបាលត្រូវធ្វើយ៉ាងណា ​ឱ្យអ្នកវិនិយោគិនដែលមានស្រាប់ទាំងអស់នៅកម្ពុជាមានការរីកចម្រើន ​នោះទើបអាច​ទាក់ទាញអ្នកដែលមកថ្មីមកបន្ថែមទៀតបាន។ ដើម្បីសម្រេចបាននូវកិច្ចការងារនេះ ​គឺត្រូវបង្កើនកត្តាវិជ្ជមាន និងកាត់បន្ថយអវិជ្ជមាន។

សម្តេចមានប្រសាសន៍ថា ក្នុងការបង្កើនកត្តាវិជ្ជមាន គឺធ្វើឡើងតាមរយៈការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត អនុគ្រោះ និងដាក់ចេញនូវកញ្ចប់ថវិកាសម្រាប់ជួយដល់វិស័យសំខាន់ៗ ដែលកន្លងមករាជរដ្ឋាភិបាលបានធ្វើរួចមកហើយ តាមរយៈការដាក់ចេញនូវគោលនយោបាយអន្តរាគមន៍របស់រដ្ឋាភិបាលក្នុងអាណត្តិនេះ។

សម្តេចមានប្រសាសន៍បន្ថែមថា «យើងបានកំណែទម្រង់ទៅលើកិច្ចការផ្សេងៗ កាត់បន្ថយនិតិវិធីស្មុគ្រស្មាញ កាត់បន្ថយការិយាល័យធិបតេយ្យ កាត់បន្ថយនិងបង្កើការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់សម្រួលដល់ការងារ​និងវិស័យឯកជន»

​ទន្ទឹមគ្នានេះ ចំពោះការកាត់បន្ថយកត្តាអវិជ្ជមាន គឺការដោះស្រាយបញ្ហាប្រឈម ​របស់វិស័យឯកជន​ឱ្យទាន់ពេលវេលា តាមរយៈវេទិកាជួបវិស័យឯកជន​ និងតាមរយៈក្រុមការងារគ្រប់វិស័យដែលបានប្រទាក់ក្រឡាគ្នាជាប់ជាប្រចាំ ​ពោលគឺត្រូវដោះស្រាយជាប់ជាប្រចាំ និងតាមដានត្រួតពិនិត្យនៅក្នុងការដោះស្រាយបញ្ហា។ ហេតុនេះហើយទើបសម្តេចបានបង្កើនក្រុមការងារដោះស្រាយមួយ ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការដោះស្រាយជូនប្រជាពលរដ្ឋ ​,ជូនវិស័យឯកជន និងជូនក្រុមហ៊ុននីមួយៗ​។ ហើយជាមួយគ្នានេះ ​រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវយុទ្ធសាស្រ្ត និងផែនការសកម្មភាព និងកិច្ចការសំខាន់ៗជាច្រើន ដើម្បីឱ្យកំណត់នូវគោលការណ៍អនុវត្តនេះបានជោគជ័យ។

សម្តេចធិបតីបានគូសបញ្ជាក់ថា «យន្តការដោះស្រាយទាំងនេះ គឺធ្នាក់មួយក្នុងទាក់ទាញវិនិយោគិនថ្មីឱ្យមកវិនិយោគនៅកម្ពុជា»៕