(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាំយកថវិកាសប្បុរសធម៌បរិច្ចាគជូនដល់កាកបាទក្រហមកម្ពុជា តាមរយៈលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទ-ក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។

លោកបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា មន្ត្រីគ្រប់ជាន់ថ្នាក់នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ព្រមទាំងសប្បុរសជនមួយចំនួននៃវិស័យឯកជន បានស្ម័គ្រចិត្តប្រកបដោយសេចក្ដីសោមនស្សរីករាយ ចូលរួមចំណែកជាថវិកា ដូចដែលបាន នាំយកមកប្រគល់ជូននាពេលនេះ ដើម្បីគាំទ្រដល់បេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាល ទុក្ខលំបាករបស់ប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយ, ជន ងាយរងគ្រោះបំផុត គ្រប់រូប គ្រប់ទិសទីនៅទូទាំងប្រទេសកម្ពុជា ក៏ដូចជាក្នុងការពង្រឹងភាពធន់សហគមន៍ ស្របតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម។

លោកបណ្ឌិត បានបន្ថែមថា ក្រៅពីថវិកា បរិច្ចាគដែលបាននាំយកមកជូនទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទ-ក្រហមជារៀងរាល់ឆ្នាំ សប្បុរសជននៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏បានបរិច្ចាគថវិកាមួយផ្នែក ជូនសាខា កាកបាទក្រហមកម្ពុជាតាមបណ្តាខេត្តមួយចំនួនផងដែរ។

បន្ទាប់ពីបានលើកឡើងសមិទ្ធផលសំខាន់ៗនៃនូវបេសកកម្ម របស់ កាកបាទក្រហមកម្ពុជា លោកស្រីអគ្គលេខាធិការ បានជម្រាបនូវការផ្ដាំផ្ញើនូវការសួរសុខទុក្ខ និងការថ្លែងអំណរគុណដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់មន្ត្រីគយនិងរដ្ឋាករគ្រប់ ជាន់ថ្នាក់ និងសប្បុរសជនពីវិស័យ ឯកជនទាំងអស់ ចំពោះការបរិច្ចាគថវិកាសប្បុរសធម៌ដ៏ថ្លៃថ្លាដើម្បីទ្រទ្រង់ដល់សកម្មភាពក្នុងបុព្វហេតុមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៩ មក៕