(ភ្នំពេញ)៖ រដ្ឋសភានីតិកាលទី៧ បានប្រសូតចេញពីការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលជាព្រឹត្តការណ៍ប្រវត្តិសាស្រ្ត ដែលមានពលរដ្ឋជាង ៨៤% នៃចំនួនពលរដ្ឋ បានចេញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឈរឈ្មោះមកពីគណបក្សចំនួន១៨។ ពលរដ្ឋជាង ៨២% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពោលទទួលបាន១២០ អាសនៈនៅក្នុងរដ្ឋសភាដែលមាន១២៥អាសនៈ។ ចំណែកគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន ចំនួន៥អាសនៈ។

ឈរលើមូលដ្ឋាននេះ ថ្នាក់ដឹកនាំកម្ពុជា ជាពិសេសថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ បានផ្ទេរអាណត្តិដឹកនាំដល់យុវជនថ្នាក់ដឹកនាំជំនាន់ក្រោយ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាយុវជនប្រកបដោយសក្តានុពល វាងវៃ សកម្ម និងស្វាហាប់ ទំាងកម្លាំងប្រាជ្ញា និងស្មារតី។

សម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៧ បានបើកសម័យប្រជុំនៅថ្ងៃទី២២ ខែសីហាឆ្នាំ២០២៣ ក្រោមព្រះរាជាធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី រដ្ឋសភានីតិកាលទី៧ ប្តេជ្ញាចិត្តយ៉ាងមោះមុតនៅក្នុងការបម្រើប្រទេសជាតិនិងពលរដ្ឋ ពង្រឹងមុខងារស្នូលរបស់ខ្លួនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ លើកកម្ពស់អភិបាលកិច្ចល្អ ធ្វើទំនើបកម្មស្ថាប័ន ឆ្ពោះទៅជារដ្ឋសភាឌីជីថល ស្របតាមការជឿនលឿនសម័យបច្ចេកវិទ្យា ដើម្បីប្រសិទ្ធភាពនិងប្រសិទ្ធផលកាន់តែខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ។ ជាមួយគ្នានេះ រដ្ឋសភានីតិកាលទី៧ បានរួមសហការជាមួយរាជរដ្ឋាភិបាល យកពលរដ្ឋជាស្នូល ធ្វើយ៉ាងណានាំនាវាកម្ពុជា បន្តរក្សាបាន នូវសុខសន្តិភាពពេញលេញ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងពិធីស្វាគមន៍ និងការផ្តល់ព័ត៌មានអំពីសេវាសំខាន់ៗជូនតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កាលពី ចុងឆ្នាំ២០២៣ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា “ប្រជាពលរដ្ឋម្ចាស់ឆ្នោតបានបោះឆ្នោតជ្រើសតាំង យើងឱ្យមកធ្វើជាតំណាងរបស់ពួកគាត់។ ក្នុងនាមជាតំណាងរាស្រ្ត យើងចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ និងត្រូវបម្រើប្រជាពលរដ្ឋរបស់យើងយ៉ាងពិតប្រាកដ ដោយតម្កល់នូវផលប្រយោជន៍របស់ពួកគាត់ដំបូងគេបង្អស់ នៅពេលធ្វើការសម្រេចចិត្ត និងដាក់ចេញនូវវិធានការណ៍ណាមួយ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា «មានការងារនេះស្តាប់ទៅហាក់ដូចជាស្រួលនិយាយ តែពិបាកធ្វើ។ គោលការណ៍គ្រឹះនោះ គឺយើងចាំបាច់ត្រូវមានភាពស្មោះត្រង់ចំពោះខ្លួនឯង និងប្រជាពលរដ្ឋរបស់យើង»