(ព្រះវិហារ)៖ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ត្រូវបានលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយក្រុមការងារ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បាននាំយកទៅផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅឃុំស្តៅ ស្រុកសង្គមថ្មី និងប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆេះស្ថានីយប្រេងឥន្ធនៈ នៅឃុំស្រយ៉ង់ ស្រុកគូលែន។

នៅក្នុងឱកាសនោះលោក គីម រិទ្ធី បានចូលរួមសោកស្តាយជាមួយគ្រួសារ ដែលបានបាត់បង់សាច់ញាតិ និងប្រជាពលរដ្ឋដែលបានខូចខាតនូវទ្រព្យសម្បត្តិ ដែលបានបណ្តាលមកពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងគ្រោះអគ្គីភ័យ។

លោកបានលើកឡើងថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ជាក់ស្តែងទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ហើយលោកក៏ថ្លែងផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវមានប្រុងប្រយ័ត្ននៅពេលមានភ្លៀងត្រូវបិទទូរស័ព្ទ ការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

សម្ភារដែលផ្តល់ជូននាពេលនេះរួមមាន៖ គ្រួសារសពដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់រលំផ្ទះសង្កត់ ចំនួន១គ្រួសារ នៅភូមិសុច ទទួលបាន អង្ករចំនួន ១០០គីឡូក្រាម មី២កេស ត្រីខ២យួរ ទឹកស៊ីអីវ១យួរ ទឹកសុទ្ធ២កេស ឃីត១ និងថវិកាចំនួន ១,០០០,០០០រៀល។ ដោយគ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៦គ្រួសារ ក្នុង១គ្រួសារទទួលបាន៖អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ គ្រួសាររលំផ្ទះទាំងស្រុង ៤គ្រួសារ ទទួលបន្ថែមតង់ចំនួន១ផងដែរ៕