(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍនភាព ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ប្រចាំខែមេសា ដើម្បីផ្តល់នូវគោលការណ៍មួយចំនួន ដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានល្អប្រសើរ។

លោក ងួន រតនៈ បន្ទាប់ពីបានស្តាប់របាយការណ៍ប្រចាំខែ រាយការណ៍ដោយឧត្តមសេនីយ៍ត្រី ពេជ ថាល់ ប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពខេត្ត ស្តីពីការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងដែនសមត្ថកិច្ច ជាពិសេស បញ្ហព្រៃឈើ បញ្ហាដីធ្លី ដែលកំពុងកើតឡើងនៅតាមមូលដ្ឋាន ភូមិ ឃុំ រួចមក លោកបានដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖

ទី១៖ បញ្ហាដីធ្លី៖ ជម្លោះដីធ្លី សូមឱ្យអាជ្ញាធរក្រុង-ស្រុក នីមួយៗ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ធ្វើបញ្ជីបច្ចុប្បន្នភាព ករណីទំនាស់ទាំងអស់ក្នុងដែនដីនីមួយៗ របស់ខ្លួនបញ្ជូនមករដ្ឋបាលខេត្ត ហើយជាពិសេស រដ្ឋបាលក្រុង-ស្រុក នីមួយៗត្រូវខិតខំដោះស្រាយវិវាទដីធ្លី ទាំងនោះ ក្នុងសមត្ថកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយភាពយុត្តិធម៌ និងតម្លាភាពប្រកបដោយបរិយាប័ន្ន។

ទី២៖ បញ្ហាបទល្មើសធនធានធម្មជាតិ៖ រដ្ឋបាល ក្រុង-ស្រុក នីមួយៗ ត្រូវធ្វើការណែនាំផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋ កុំឱ្យគាត់ទៅចូលទន្ទ្រាន ដីព្រៃ ដី សហគមន៍ ដីតំបន់បី ឬ ដីបរិស្ថាន ឬតំបន់ការពារផ្សេងៗ និងចាត់វិធានការចំពោះមេខ្យល់ឱ្យបាន ។

ទី៣៖ អាជ្ញាធរមូលដ្ឋាន ត្រូវណែនាំបងប្អូនប្រជាពលរដ្ឋ ឱ្យមានការ ប្រុង ប្រយ័ត្នខ្ពស់ ចំពោះភ្លើងផ្សែងនារដូវក្ដៅនេះ និងកម្លាំងពន្លត់អគ្គិភ័យ ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ជានិច្ចជៀសវាងពេលប្រតិបត្តិការ បែរជាអត់មានទឹក៕