(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ បានសេចក្តីជូនដំណឹង ស្តីពីវិធានការទប់ស្កាត់ និងដកហូតដីព្រៃ ដែលបានកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ។

រដ្ឋបាលខេត្ត បានកត់សម្គាល់ថា ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមកពីបណ្តាខេត្តផ្សេងៗ បានចូលទៅកាប់ទន្ទ្រាន ដីព្រៃដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ចាប់តាំងពីឆ្នាំ២០១៩មក ដែលសកម្មភាពនេះជាការបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ ទោះបីជារដ្ឋបាលខេត្ត ផ្នែកជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធាន ការបង្ការ ទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់យ៉ាងណាក្តី ក៏នៅមានប្រជាពលរដ្ឋបន្តការចូលកាប់គាស់ រុករាន ទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន ធ្វើរបងហ៊ុំព័ទ្ធ និងទាមទារស្នើសុំឲ្យអាជ្ញាធរវាស់វែង ដើម្បីបានប្រើប្រាស់អាស្រ័យផលស្របច្បាប់ថែមទៀត។

ដើម្បីបន្តពង្រឹងប្រសិទ្ធ ភាពលើការគ្រប់ដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារ ធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តក្រចេះ រដ្ឋបាលខេត្តក្រចេះ សូមដាក់ចេញនូវវិធានការ ដូចខាងក្រោម៖

*ទី១៖ មោឃ ភាពចោលនូវរាល់លិខិតលក់ ទិញ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុងការពារធម្មជាតិ
*ទី២៖ ដកហូតយកមកជាសម្បត្តិរដ្ឋវិញ នូវរាល់ដីព្រៃ ដែលបានកាប់គាស់ រុក រានទន្ទ្រានដាំដំណាំសង់លំនៅដ្ឋាន ធ្វើរបងហ៊ុំព័ទ្ធ ក្នុងតំបន់ការពារធម្មជាតិ
*ទី៣៖ ការកាប់កាស់ រុករានដីព្រៃ ដុតព្រៃ សង់ផ្ទះ សង់តូប រោង ធ្វើរបងហ៊ុំព័ទ្ធ និងដាំដំណាំដើម្បី យកដីធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិគឺជាបទល្មើសធនធានធម្មជាតិ ដែលមានចែងក្នុងមាត្រា៦១ និងមាត្រា៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ
*ទី៤៖ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ត្រូវជួយផ្សព្វផ្សាយ និងចូលរួមបញ្ឈប់ជាបន្ទាន់នូវការចូលកាប់ ទន្ទ្រានឈូសឆាយដីព្រៃ ដាំដំណាំ សាងសង់ផ្ទះ ខ្ទម រោង ធ្វើរបងហ៊ុំព័ទ្ធ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងត្រូវបញ្ឈប់ជាបន្ទាន់នូវការចូលរស់នៅ កាន់កាប់ ដោយត្រូវរុះរើដោយវិធានការរដ្ឋបាល ឬដោយការស្ម័គ្រចិត្ត
*ទី៥៖ ក្នុងករណីមិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងខាងលើនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងស្រុកពាក់ព័ន្ធនឹងចាត់វិធានការអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។

រដ្ឋបាលខេត្តក្រចេះ សង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុកពាក់ព័ន្ធ ផ្នែកជំនាញ សាធារណជន និងប្រជាពលរដ្ឋ ព្រមទាំងអ្នកពាក់ព័ន្ធដែលកំពុងរស់នៅ និងកាន់កាប់ដីព្រៃខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ នឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ និងចូលរួមអនុវត្តច្បាប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឲ្យមានប្រសិទ្ធិភាពខ្ពស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕