(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យប្រសើរលើការធ្វើធុរកិច្ចនៅកម្ពុជា។

«ប្រព័ន្ធបញ្ជរតែមួយជាតិ» គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ច​ប្រឹង​ប្រែង​​ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់​កំណើន សេដ្ឋកិច្ចនៅកម្ពុជា។ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធការនាំ ចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច តែមួយលើករួមគ្នា ដើម្បី​ទទួល​បានការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែប​បទបញ្ចេញ​ទំនិញ​ពីគយ តាមមធ្យោបាយអេឡិចត្រូនិក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប្រព័ន្ធដ៏មានសារៈសំខាន់នេះ ឆ្លុះបញ្ចាំងឲ្យឃើញអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ក្នុងការធ្វើឲ្យកាន់តែប្រសើរនូវបរិយាកាសធុរកិច្ច ការវិនិយោគនៅកម្ពុជា»

តាងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ប្រធាន, អនុប្រធាន និងសមាជិកទាំងអស់ នៃគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ដែលបានខិតខំ និងរួមគ្នាអភិវឌ្ឍន៍ និងអនុវត្ត គម្រោងបញ្ជរតែមួយជាតិនេះ រហូតសម្រេចបានជោគជ័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល តែងកំណត់ការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម ជាអាទិភាពដ៏ចម្បងមួយ ដោយបានដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្ត្រ, កម្មវិធី, និង វិធានការកែទម្រង់, ព្រមទាំងបទដ្ឋានគតិយុត្តសម្រាប់កែលម្អការ-អនុវត្តជាក់ស្ដែង ជាបន្តបន្ទាប់។

បើតាមប្រសាសន៍របស់សម្ដេចធិបតី, ការដាក់ឲ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនាថ្ងៃនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព, តម្លាភាព, ប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់វិនិយោគិន និងធុរជន។ ម៉្យាងទៀត គឺជាការបង្ខិតសេវាសាធារណៈ ទៅជិតអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យាក្នុងការផ្តល់សេវា សាធារណៈ ដើម្បីសម្រួលនីតិវិធី, កាត់បន្ថយពេល និងចំណាយពាក់ព័ន្ធផ្សេងៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានយល់ឃើញថា សមិទ្ធផលនេះជាការបន្តជំរុញការកែទម្រង់ស៊ីជម្រៅ និងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និងបង្កើតការប្រកួតប្រជែងដោយស្មើភាព ក្នុងការធ្វើធុរកិច្ច និងការវិនិយោគ និង ដើម្បីកាត់បន្ថយបន្ទុកចំណាយលើការបំពេញតាមកាតព្វកិច្ច និង នីតិវិធីសារពើរពន្ធ។ ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយ នៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ដែលធ្វើឲ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់យើង កាន់តែមានប្រសិទ្ធភាព និងមានលទ្ធភាពតភ្ជាប់ ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចផ្សេងទៀត ក្នុងតំបន់ និង លើសកលលោក៕