(ភ្នំពេញ)៖ ថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នឹងអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាត»

«ប្រព័ន្ធបញ្ជរតែមួយជាតិ» គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ច​ប្រឹង​ប្រែង​​ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់​កំណើន​សេដ្ឋកិច្ចនៅកម្ពុជា។

«ប្រព័ន្ធបញ្ជរតែមួយជាតិ» គឺជាប្រព័ន្ធថ្មីមួយទៀត របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា ដែលបំពេញបន្ថែម និងធ្វើការជាមួយប្រព័ន្ធដែលមានស្រាប់ ដូចជា E-cus​tom​s, ASYCUDA, Pre-Arrival Manifest System ជាដើម។

«ប្រព័ន្ធបញ្ជរតែមួយជាតិ» នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធការនាំ ចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច តែមួយលើករួមគ្នា ដើម្បី​ទទួល​បានការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែប​បទបញ្ចេញ​ទំនិញ​ពីគយ តាមមធ្យោបាយអេឡិចត្រូនិក។

«ប្រព័ន្ធបញ្ជរតែមួយជាតិ» ក៏មានមុខងារដ៏សំខាន់ ក្នុងការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរ​តែ​មួយ​អាស៊ាន ដើម្បីផ្លាស់ប្តូរទិន្នន័យវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ, ទិន្នន័យ​ឯក​សារ​​ប្រតិវេទ​ន៍គយ និងទិន្នន័យឯកសារពាណិជ្ជកម្មផ្សេងទៀត តាមទម្រង់អេឡិចត្រូនិក ជា​មួយបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ។

ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ នឹងនាំមកនូវផលប្រយោជន៍ជាច្រើន ទាំង​សម្រាប់​វិស័យសាធារណៈ និងវិស័យឯកជន។ សម្រាប់វិស័យសាធារណៈ ប្រព័ន្ធបញ្ជរ​តែមួយ​ជាតិ មានតួនាទីសំខាន់ក្នុងការសម្របសម្រួល និងការពង្រឹងកិច្ចសហការ រវាង​ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ សំដៅបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពបន្ថែមទៀត នូវកិច្ចសម្រួលពាណិជ្ជកម្ម។ ជាពិសេសសម្រួលដល់ការបំពេញឱ្យបានឆាប់នូវបែប​ប​បទ​នាំចេញ-នាំចូលទំនិញ ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយ របស់រាជ​រដ្ឋា ភិបាល ។

ប្រព័ន្ធនេះ ក៏នឹងផ្តល់អត្ថប្រយោជន៍សំខាន់ដល់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ឱ្យទទួល​បាននូវព័ត៌មាន និងទិន្នន័យត្រឹមត្រូវ និងទាន់ពេល សម្រាប់ធ្វើការវិភាគវាយ​តម្លៃហានិ​ភ័យ និងសម្រាប់ប្រើប្រាស់តាមតម្រូវការផ្សេងទៀត។

សម្រាប់វិស័យឯកជន ក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ ដូចជា ចំណេញ​ពេល ព្រមទាំងការកាត់បន្ថយចំណាយ។ ជាពិសេស ការកាត់បន្ថយការិយាធិបតេយ្យក្នុង​ការរត់ការឆ្លងកាត់ពី​ក្រសួង-ស្ថាប័នមានសមត្ថកិច្ចមួយ ទៅមួយទៀត ពាក់ព័ន្ធនឹងការស្នើ​សុំអាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និង ឯកសារតម្រូវផ្សេងៗ, សម្រាប់ការនាំ​ចេញ-នាំចូលទំនិញ។ លើសពីនេះ ប្រតិបត្តិករនៃវិស័យឯកជន ក៏អាចប្រើប្រាស់ឡើង​វិញនូវទិន្នន័យក្នុងប្រព័ន្ធ សម្រាប់ជាប្រយោជន៍ក្នុងការគ្រប់គ្រងទិន្នន័យរបស់ខ្លួន ឱ្យបាន​ទាន់ពេល, មានសង្គតិភាព និងមានភាពច្បាស់លាស់ផងដែរ៕