(ភ្នំពេញ)៖ បុរសម្នាក់បូមទឹកស្រះមួយកន្លែងជិតរីង រួចប្រើឧបករណ៍ឆក់យកត្រីដើម្បីលក់យកលុយសម្រាប់ប្រពន្ធមានផ្ទៃពោះ៨ខែ សម្រាលកូននាពេលខាងមុខ ប៉ុន្តែអកុសលបែរជាឆក់ខ្លួនឯងដួលផ្កាប់មុខក្នុងទឹករងរបួសធ្ងន់ ពេលនោះប្រពន្ធរបស់រួមជាមួយអ្នកភូមិ បានជួយនាំទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ ហើយពេលទៅដល់គ្រូពេទ្យបានប្រាប់ថា គាត់ស្លាប់បាត់ទៅហើយ។ ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង៨យប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ចំណុចស្រះទឹកក្នុងបរិវេណអតីតទីលានប្រណាំងរថយន្ត ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល។

ជនរងគ្រោះឈ្មោះ ប៊ូ ម៉ាណា អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិប្របឹង ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ស្នាក់នៅបន្ទប់ជួលសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ មានស្លាកស្នាមឆក់ពងស្វាស និងនៅលើស្មាខាងស្ដាំចំនួន៣កន្លែង ឆេះស្លោកស្បែក។

ស្រ្តីឈ្មោះ ឌឿន អែម អាយុ២៣ឆ្នាំ មានផ្ទៃពោះ៨ខែ ត្រូវជាប្រពន្ធជនរងគ្រោះថា គ្រួសារនាងអត់មានលុយជាប់ខ្លួន សូម្បីតែមួយរៀលទេ ទើបប្ដីនាងបានជួលស្រះទឹកខាងលើពីម្ចាស់ស្រះ ដើម្បីបូមទឹកឆក់ត្រីលក់យកលុយសម្រាប់សម្រាលកូន។ ដោយជួលក្នុងតម្លៃចំនួន៨០,០០០រៀល ប៉ុន្តែអត់ទាន់មានលុយឲ្យម្ចាស់ស្រះនៅឡើយ ហើយបានចាប់ផ្ដើមបូមទឹកនិងឆក់ត្រីតាំងពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ដោយបានត្រីជារៀងរាល់ថ្ងៃ។

លុះដល់វេលាម៉ោងប្រហែល២០៖០០នាទីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ បានមកមើលប្ដីឃើញគាត់កំពុងរៀបចំឧបករណ៍ឆក់ត្រី ចុះទៅក្នុងស្រះនោះ ដែលបូមនៅសល់តែទឹកបាតស្រះ។ ខណៈពេលចុះឆក់ត្រីមួយសន្ទុះ ស្រាប់បាត់មិនឃើញពន្លឺពិលដែលប្ដីពាក់ក្បាល ទើបនាងបញ្ចាំងពិលមើលឃើញ ប្ដីដួលផ្កាប់មុខនៅក្នុងទឹក ហើយសង្ស័យថាឆក់ចរន្តអគ្គិសនីឧបករណ៍ឆក់ត្រី ទើបរត់មកផ្លូវស្រែកហៅឲ្យអ្នកភូមិជួយ។ ពេលនោះមានមនុស្ស៣-៤នាក់ បានចុះទៅក្នុងទឹក រួចទាញប្ដីឡើងគោកជួយធ្វើចលនាសង្គ្រោះ រួចដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ ប៉ុន្តែពេទៅដល់គ្រូពេទ្យពិនិត្យប្រាប់ថា ប្ដីស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យអមសាលាដំបូងរាជធានីភ្នំពេញ រួមជាមួយកម្លាំងនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យសាកសពនៅកន្លែងកើតហេតុទាំងយប់។ លទ្ធផលបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គិសនីឧបករណ៍ឆក់ត្រីប្រាកដមែន។

ដោយឡែកលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល ក៏បានឧបត្ថម្ភប្រាក់មួយចំនួនជូនដល់ស្រ្តីជាប្រពន្ធសម្រាប់ទុកសម្រាលកូន។ លុះនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ លោកអធិការ ក៏បានដឹកនាំកម្លាំងនគរបាលជំនាញចុះត្រួតពិនិត្យទីតាំងកើតហេតុបន្តទៀត ហើយក៏បានធ្វើការអំពាវនាវដល់ដល់ប្រជាពលរដ្ឋបញ្ឈប់ការនេសាទត្រី ដោយប្រើឧបករណ៍ឆក់បង្កគ្រោះថ្នាក់បែបនេះ៕