(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធនិងកាត់ខ្សែបូរណ៍ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឧបដ្ឋានសាលា និងសមិទ្ឋិផលនានា ដែលមានតម្លៃជាង ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក នៅក្នុងវត្តបទុមសាគរ ហៅវត្តស្រែវាលខាងកើត ស្ថិតនៅក្នុងភូមិស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំថ្ងៃអាទិត្យ ទី០៥ ខែ ឧសភា ឆ្នាំ២០២៤ ។

លោក លុន យេន ប្រធានក្រុមប្រឹក្សាឃុំដងកាំបិត បានឡើងធ្វើរបាយការណ៍អំពីប្រវត្តិនៃការកកើតឡើងនៅវត្តបទុមសាគរនេះ ដែលបានសាងសង់ឡើងនៅក្នុងឆ្នាំ២០០៨ ដែលមានអាយុកាលទើបតែ១៦ឆ្នាំ ដោយមានព្រះគ្រូចៅអធិការវត្តចំនួន៤អង្គរួចមកហើយ នឹងបានគូសបញ្ជាក់អំពីសមិទ្ធផលនានា ដែលបានសាងសង់ឡើង ដឹកនាំដោយព្រះតេជព្រះគណ ជុំ ម៉ុត ព្រះចៅអធិការវត្ត រួមជាមួយពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ  ដែលបានកសាងឧបដ្ឋានសាលាមួយខ្នង និងសមិទ្ធផលនានាមួយចំនួនទៀត ដែលមានតម្លៃជាង ៥០,០០០ដុល្លារសហរដ្ឋអាមេរិក     ។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរ
គុណដ៏ជ្រាលជ្រៅជាទីបំផុត នឹងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ព្រះតេជគណ ជុំ ម៉ុត និងព្រះតេជគណ ព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទ និងសប្បុរសជននានា ដែលបានរួមគ្នាកសាងសមិទ្ធផលដ៏ប្រពៃថ្លៃថ្លានេះទុកជាសម្បត្តិបេតិកភណ្ឌរបស់វត្ត និងជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋតរៀងទៅ ។

លោកបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជារបស់យើងមានសុខសន្តិភាពពេញលេញ ក្រោមនយោ
បាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ហើយកំពុងមានដំណើរការអភិវឌ្ឍន៍រីកចម្រើ នលើគ្រប់វិស័យបន្ថែមទៀត ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងនោះវិស័យអាណាចក្រ មានជាអាទិ៍ ស្ពាន ថ្នល់ សាលារៀន ព្រលានយន្តហោះ មន្ទីរពេទ្យ រោងចក្រ អាគារពាណិជ្ជកម្មធំៗខ្ពស់ៗកប់ពពក ពិសេសគម្រោងព្រែកជីកហ្វូនណនតេជោ ដែលគ្រោងស្ថាបនានៅពេលខាងមុខនេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជន និងកំណើនសេដ្ឋកិច្ចដល់ប្រទេសកម្ពុជាយើង។ ដោយឡែកក្នុងវិស័យពុទ្ធចក្រក៏បានដំណើរការរីកចម្រើនគ្រប់ទីកន្លែង ដែលបច្ចុប្បន្ននេះ វត្តអារាមនៅទូទាំងប្រទេសមានរហូតដល់ទៅជាង ៥ ០០០វត្ត និងមានព្រះសង្ឃគង់នៅជាង៧០ ០០០អង្គ ។

នៅក្នុងឱកាសនេះ ក្នុងពិធីសម្ពោធនិងកាត់ខ្សែបូរណ៍ដាក់ឲ្យប្រើប្រាស់ជាផ្លូវការឧបនូវដ្ឋានសាលា ព្រមទាំងសមិទ្ធផលនានា នៅក្នុងទីវត្តអារាមនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំមកនូវថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនប្រគេនដល់ព្រះសង្ឃសម្រាប់ចាត់
ចែងក្នុងពិធិធីបុណ្យនិងចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានានៅវត្តបទុមសាគរ ហៅវត្តស្រែវាលខាងកើតនេះផងដែរ៕