(កំពង់ធំ)៖ លោក អេង ទូច សមាជិកគណៈកម្មការធិការកណ្តាល, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្ទឹងសែន បានអញ្ជើញប្រកាសសមាសភាពក្រុមការងារ គណបក្សចុះមូលដ្ឋានសង្កាត់ទាំង៨ នៃក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលចំនួនសរុបជាង៥០០នាក់ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងស្ទឹងសែន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤។

នៅក្នុងឱកាសនោះដែរ លោក អេង ទូច បានសំដែងនូវការអបអរសាទរចំពោះសមាសភាពទាំងជាង៥០០នាក់ ដែលត្រូវបានគណបក្សផ្តល់សេចក្តីទុកចិត្តចាត់តាំងជាប្រធាន, អនុប្រធាន និងជាសមាជិកសមាជិកា ក្នុងក្រុមការងារគណបក្សចុះមូលដ្ឋាន សង្កាត់ទាំង៨ នៃក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកបានបន្តថា ដូចនេះដើម្បីតបស្នងចំពោះទំនុកចិត្តដែលគណបក្សបានប្រគល់ជូន, ក្រុមការងារត្រូវខិតខំប្រតិបត្តិនូវតួនាទីនិងភារកិច្ចដែលគណបក្សបានប្រគល់ជូន ពិសេសការបម្រើប្រជាជន ប្រកបដោយភាពស្មោះត្រង់ និងមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ជាមួយនឹងការប្តេជ្ញាចិត្តមុតមាំ, ហ៊ានលះបង់ និងផ្អែកលើទង្វើជាក់ស្តែង។ លោក អេង ទូច បានសង្កត់ធ្ងន់ថា គ្មានបេសកកម្មណាដែលពិសិដ្ឋថ្លៃថ្លាជាងការបម្រើប្រជាជននទេ!។

លោក អេង ទូច ក៏បានជម្រាបជូនដល់ក្រុមការងារទាំងអស់នូវប្រសាសន៍ណែនាំរបស់លោក វង្សី វិស្សុត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានផ្តល់ការណែនាំ ដល់ក្រុមការងារគណបក្ស និងគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមកម្លាំងគ្នា ឱ្យក្លាយជាកម្លាំងសរុប និងជាអង្គតែមួយ ដែលមានសាមគ្គី និងឯកភាពផ្ទៃក្នុងរឹងមាំហើយរួមគ្នាគិត, រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ក្នុងទិសដៅរួមគ្នា និងឱ្យស្រុះដៃគ្នា ដើម្បីបម្រើប្រជាជន, ដោះស្រាយបញ្ហាជូនប្រជាជន, និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចខេត្តកំពង់ធំ ពិសេសការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនឱ្យកាន់តែធូរធារសំដៅដណ្តើមការគាំទ្រពីប្រជាជន។

លោក អេង ទូច បានបន្តលើកឡើងផងដែរ អំពីតួនាទី និងភារកិច្ចសំខាន់ៗរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ជាពិសេសការគាំទ្រ និងចូលរួមជាមួយអង្គការចាត់តាំងគណបក្សនៅមូលដ្ឋាន ដើម្បីពង្រឹងអង្គការចាត់តាំងគណបក្សនៅមូលដ្ឋាន ទាំងវិស័យនយោបាយ សតិអារម្មណ៍ ចាត់តាំង និងហិរញ្ញវត្ថុ និងធ្វើជាស្នូលនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្ស និងធ្វើជាគំរូដលសមាជិក និងអ្នកគាំទ្រ ក៏ដូចជាមហាជនទូទៅ។

លោក អេង ទូច បានផ្តល់ការណែនាំដល់ក្រុមការងារត្រូវតៀមលក្ខណៈឱ្យបានល្អ ពិសេសការអនុវត្តផែនការសកម្មភាពនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត, ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សា ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដើម្បីដណ្តើមជ័យជម្នះជូនគណបក្សឱ្យបានច្រើនលើសលុប។

ជាមួយគ្នានេះ ដើម្បីត្រៀមរៀបចំលក្ខណៈឱ្យបានល្អពីចម្ងាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧ និងការបោះឆ្នោតនៅឆ្នាំ២០២៨ ខាងមុខ, ក្រុមការងារត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ដល់ការងារកសាង សមាជិកគណបក្សបន្ថែម ដោយឈរលើគោលការណ៍៖ រក្សាចាស់បង្កើនថ្មី ហើយត្រូវធ្វើកិច្ចការនេះ ទន្ទឹមគ្នានឹងការពង្រឹងគុណភាពសមាជិកបក្ស ស្របតាមគោលការណ៍៖ សមាជិកម្នាក់ សម្លេងឆ្នោតមួយសន្លឹក ព្រមទាំងក៏ត្រូវត្រៀមកម្លាំងយុវជនសម្រាប់ការ បន្តវេនផងដែរ ដោយឈរលើគោលការណ៍៖ ក្មេងត្រូវគោរពចាស់។ ទន្ទឹមនេះ ត្រូវចុះក្តាប់សតិអារម្មណ៍ និងខិតខំដោះស្រាយបញ្ហាលំបាកផ្សេងៗរបស់ប្រជាជន ឱ្យបានទាន់ពេល ដោយមិនប្រងើយកន្តើយ និងត្រូវជៀសវាងកន្ទេលធំបន្លំដេក ឬត្រីងៀតឆ្លៀតពង ដើម្បីកុំឱ្យប្រជាជនមានការឈឺចាប់។

លោក អេង ទូច បានបន្តថា យើងត្រូវធ្វើកិច្ចការនេះ ឱ្យដូចភ្លៀងរលឹម និងឱ្យបានម៉តចត់បំផុត ដើម្បីរួមគ្នាសម្រេចឱ្យបាននូវចក្ខុវិស័យ និងទិសដៅការងាររបស់លោក វង្សី វិស្សុត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំក្នុងការធ្វើឱ្យខេត្តកំពង់ធំក្លាយទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា៕