(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ វរសេនីយ៍ត្រី ផាត ផានណូ ដែលបានបាញ់បោះសេរី ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅដល់តុលាការហើយ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

មន្រ្តីយោធាស័ក្តិ៤រូបនេះ បានបាញ់បោះសេរីចំនួន៥គ្រាប់ នៅតាមបណ្តោយផ្លូវ២៣៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ៣ទៀបភ្លឺ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។ រយៈពេល៣ម៉ោងក្រោយផ្ទុះអាវុធ មន្រ្តីយោធានោះត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្តង។

ពាក់ព័ន្ធនឹងកំហុសយោធានេះ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ក៏បានចេញសេចក្តីសម្រេច លុបឈ្មោះវរសេនីយ៍ត្រី ផាត ផានណូ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទផងដែរ។ វរសេនីយ៍ត្រី ផាត ផានណូ មានអត្តលេខ ០៦៩៣០១ ជាជំនួយការ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ៕