(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យប្រុសស្រី ចំនួន២នាក់ រួមជាមួយវត្ថុតាងថ្នាំញៀនចំនួន ប្រភេទ K ចំនួន៦ថង់ និងប្រភេទ WY ចំនួន ១៩,០៦១គ្រាប់ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

មេក្លោងគ្រឿងញៀនទាំង ២នាក់ខាងលើនេះ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោងប៉ែត បានបើកប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនបាននៅវេលាម៉ោង ៦ល្ងាច កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។

ការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង២នាក់ ដោយបានអនុវត្តន៍តាមបទបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយលោកស្នងការបានដាក់បទបញ្ជាយ៉ាងតឹងរឹង ដល់កម្លាំងនគរបាលជំនាញទូទាំងខេត្ត ត្រូវបង្ក្រាបរាល់បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង ពិសេសបទល្មើសជួញដូរគ្រឿងញៀន ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ នៅតាមសហគមន៍ឱ្យខានតែបាន។

ក្រោយពីទទួលបានបទបញ្ជាហើយ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក ដោយមានការសម្របសម្រួល​ ពីលោក​ព្រះរាជអាជ្ញារង លឹម​ ប៊ុនសុភ័ក្រ​ បានបើកការស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួន ជនសង្ស័យប្រុសស្រីចំនួន ២នាក់ ជាអ្នកជំនួញគ្រឿងញៀនដ៏ធំ នៅក្នុងក្រុងប៉ោយប៉ែត។

ជនសង្ស័យទាំង២នាក់មានឈ្មោះ ឆេង​ លាង​ ភេទប្រុស​ អាយុ៣៩ឆ្នាំ ត្រូវបានឃាត់ខ្លួន នៅចំណុចតាមផ្លូវ​សាធារណៈ ស្ថិតនៅភូមិក្បាលស្ពាន១​ សង្កាត់អូរជ្រៅ​ ក្រុងប៉ោយប៉ែត និងទី២៖ ឈ្មោះ សាន​ សាណា​ ភេទស្រី​ អាយុ៣៩ឆ្នាំ​ ឃាត់ខ្លួននៅចំណុច​ការ៉ាសសាំង PTT ស្តិតក្នុងភូមិក្បាលស្ពាន១​ សង្កាត់អូរជ្រៅ​ ក្រុងប៉ោយប៉ែត។

កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការដកហូតបានវត្ថុតាងថ្នាំញៀនជាច្រើនមុខ ម្សៅក្រាមស (ខេ) ចំនួន ៦ថង់តូចទម្ងន់ ៣០៨,៤០ក្រាម, ថ្នាំគ្រាប់អក្ស wy ចំនួន ១៩,០៦១គ្រាប់ ថវិការមួយចំនួន និងសម្ភារពាក់ព័ន្ធមួយចំនួន៕