(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់គណៈកម្មាការជាតិ ជីករុករកការគាស់ និងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនាសម័យសង្គ្រាមនៅកម្ពុជា និងលោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសមិត្តភាព របស់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់នាយទាហានជាន់ខ្ពស់ និងមន្ត្រី ដែលមានស្នាដៃល្អ ក្នុងការសហការ ជីករុករក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនាសម័យសង្គ្រាមនៅកម្ពុជា។

តាមរយៈការរៀបចំពិធីនាថ្ងៃនេះគឺជាលើកទី៤ ក្នុងការបំពាក់គ្រឿងឥស្សរិយយស មេដាយ និងប័ណ្ណសរសើរ ជូនដល់នាយទាហាន មន្រ្តី និងអង្គភាព ហើយក្នុងថ្ងៃនេះដែរ ចំពោះគ្រឿងឥស្សរិយយស មិត្តភាព និងប័ណ្ណសរសើររបស់រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រគល់ជូនសរុប៤៧០គ្រឿង តែជាក់ស្ដែងត្រូវប្រគល់ជូនដល់បុគ្គល ចំនួន ៧៤គ្រឿង មានមន្រ្តីរាជការស៊ីវិល ចំនួន ២៤រូប និងនាយទាហានជាន់ខ្ពស់ ចំនួន ៥០រូប ហើយក្រៅពីនេះគឺប្រគល់ជូនបន្តដល់អង្គភាពជំនាញពាក់ព័ន្ធធ្វើការបែងចែកទៅតាមអង្គភាពជំនាញរៀងខ្លួន។

គិតចាប់តាំងពីឆ្នាំ២០០១-២០២៤ គណៈកម្មាការថ្នាក់ជាតិទាំងពីរ កម្ពុជា-វៀតណាម បានអនុវត្តការងារជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាមជាផ្លូវការ ចំនួន ២០,៨៥២សព ជូនរដ្ឋាភិបាលវៀតណាម និងក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាប្រពៃណីជាតិ។

សម្រាប់ភាគីកម្ពុជា បានកំពុងបន្ដលើកកម្ពស់ស្មារតីមនុស្សធម៌ ក្រោមកិច្ចសហប្រតិបត្តិការ រវាងអង្គភាព ស្ថាប័នសមត្ថកិច្ច និងនៅតាមភូមិសាស្រ្ដទំាង២៥រាជធានី ខេត្ត ក្រុង បង្កលក្ខណៈងាយស្រួល នឹងផ្ដល់គ្រប់លទ្ធភាពដល់ក្រុមជំនាញទំាង១១ក្រុម របស់កងទ័ពប្រជាជនវៀតណាម បានបន្ដបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការជីករុករក ការគាស់ និងធ្វើមាតុភូមិនិវត្ត អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ទទួលបានជោគជ័យ និងប្រសិទ្ធិភាពខ្ពស់ថែមទៀត ស្របតាមលក្ខខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការថ្នាក់ជាតិនៃភាគីទំាងពីរកម្ពុជា-វៀតណាម។

នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល បក្ស និងក្រសួងការពារប្រទេសវៀតណាម ដែលបានផ្ដល់កិត្តិយសតាមរយៈការផ្ដល់នូវគ្រឿងឥស្សរិយយស ប័ណ្ណសរសើរ លិខិតសរសើរសម្រាប់អង្គភាព បុគ្គល ជូនដល់ភាគីកម្ពុជាយើងខ្ញុំ ដែលមានស្នាដៃឆ្នើម ចូលរួមក្នុងការងារមនុស្សធម៌ សហការ ជីករុករក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនាសម័យសង្គ្រាមនៅកម្ពុជា៕