(ភ្នំពេញ)៖ ផែនទីបង្ហាញតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានចំនួន ៧៣តំបន់ ដែលគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណជាង ៧លានហិកតា ស្ថិតក្នុងខេត្តចំនួន២១ និងក្រុង/ស្រុកចំនួន១១១ បានចែកជូនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ២១ផ្ទាំងធំៗ នៅក្នុងពិធីប្រគល់ផែនទីតំបន់ការពារធម្មជាតិ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៤។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងនៅក្នុងពិធីនេះថាការផ្ទេរអំណាចឱ្យថ្នាក់ក្រោមជាតិ គឺជាការជំរុញឱ្យការទប់ស្កាត់បទល្មើសធនធានធម្មជាតិកាន់តែមានប្រសិទ្ធភាព ស្របតាមវិធានការទាំង៤ចំណុច ដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនៅក្នុងដំណាក់កាលទី១ នោះគឺ៖

ទី១. ជំរុញការអនុវត្តច្បាប់១០០% ដោយមិនមានការលើកលែងជាដាច់ខាតចំពោះបទល្មើសធនធានធម្មជាតិ។

ទី២. ការសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិឱ្យបានស្អិតរមួត ដែលបានកំពុងអនុវត្ត និងធ្វើឱ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈការផ្តល់ផែនទី ទីតាំងតំបន់ការពារធម្មជាតិ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីកាត់បន្ថយទំនាស់លើការប្រើប្រាស់ដីធ្លី និងធានាការប្រើប្រាស់ដីក្នុងតំបន់ការពារធម្មជាតិ ឱ្យមានសុវត្ថិភាពទាំងដីសាធារណរបស់រដ្ឋ (តំបន់ស្នូលនិងតំបន់អភិរក្ស) ដីឯកជនរបស់រដ្ឋ (តំបន់ប្រើប្រាស់ដោយចីរភាព) និងដីកម្មសិទ្ធិឯកជន (តំបន់សហគមន៍)។

ទី៣. សហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក

និងទី៤. ការជំរុញ ការដាំស្តាព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០។

ទន្ទឹមគ្នានេះ លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងការទប់ស្កាត់បទល្មើសធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលលោកបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចេញបញ្ជារដោយផ្ទាល់ផងថា ត្រូវតែទប់ស្កាត់ និងបញ្ឈប់រាល់បទល្មើសធនធានធម្មជាតិ និងព្រៃឈើ ដែលជាមរតកបៃតងរបស់យើង ឱ្យខាងតែបាននិងមានប្រសិទ្ធភាពបំផុតនោះ គឺការរួមសហការគ្នាយ៉ាងជិតស្និត ការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកជាទៀងទាត់ និងម្យ៉ាងយើងក៏មានផែនទីជាគោលចម្បងក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិរបស់យើងទុកជាមរតកឱ្យអ្នកជំនាន់ក្រោយ។

គួររម្លឹកជូនដែរថា រដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ២១រាជធានី/ខេត្តរួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បៃលិន បន្ទាយមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ ឧត្តរមានជ័យ ក្រចេះ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង តាកែវ កំពង់ស្ពឺ កំពត កែប ព្រះសីហនុ កោះកុង ព្រៃវែង និងត្បូងឃ្មុំ ដែលតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានចំនួន ៧៣តំបន់នេះ បានចែកចេញជា៧ ប្រភេទដោយក្នុងនោះរួមមាន៖ ឧទ្យានជាតិចំនួន ៩ឧទ្យានជាតិសមុទ្រចំនួន២ ដែនជម្រកសត្វព្រៃចំនួន ១៨ តំបន់ការពារទេសភាពចំនួន១៤តំបន់ប្រើប្រាស់ច្រើនយ៉ាងចំនួន១១ តំបន់រាមសារចំនួន៥ និងតំបន់បេតិកភណ្ឌធម្មជាតិចំនួន ១៤៕