(ភ្នំពេញ)៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការណែនាំដល់បញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវតែរួមគ្នាអនុវត្តនូវតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចឲ្យបាននូវផែនការរបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតគ្រឿងញៀន ពិសេសផែនការសម្អាតបឹង ដែលសំដៅដល់ការសម្អាតមន្ដ្រីទាំងអស់មិនឲ្យពាក់ព័ន្ធជាមួយគ្រឿងញៀន។

ការណែនាំរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព ស្តីពីការចាត់តាំងអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងយ៉ាងដូច្នេះថា «ផែនការសម្អាតបឹង យើងសម្អាតបានប៉ុណ្ណារាំងរបងប៉ុណ្ណឹង ហើយពង្រីកបន្ដទៀតដើម្បីឲ្យបឹងស្អាត នេះជាយុទ្ធសាស្ដ្ររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចុះ។ ដូច្នេះខ្ញុំសង្ឃឹមជឿជាក់ថា បញ្ជាការយុទ្ធនាការគ្រឿងញៀននេះ នឹងអនុវត្តដោយមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវទាំងថ្នាក់ជាតិ ក្រោមជាតិក្នុងផែនការនេះ»

ដើម្បីជាការចូលរួមចំណែកក្នុងផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យទទួលបានជោគជ័យ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានផ្ដល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

*ទី១៖ ត្រូវបន្ដអនុវត្តនូវស្មារតីនៃបទបញ្ជាលេខ០១ បប ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ដីពីវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ អគ្គលេខាធិការដ្ឋាន ត្រូវបន្ដធ្វើការជាមួយគណៈកម្មការទាំង៧ បន្ដពិភាក្សាជាមួយវិស័យឯកជន ដើម្បីឲ្យវិស័យឯកជនរួមជាមួយស្ថាប័នរដ្ឋ សំដៅប្រយុទ្ធប្រឆាំងគ្រឿងញៀន។

*ទី២៖ ត្រូវពង្រឹងសមត្ថភាពគណៈបញ្ជាការឯកភាព និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមបណ្ដាព្រំដែន ដើម្បីរាំងខ្ទប់ការដឹកជញ្ជូនគ្រឿងញៀនចូលមកប្រទេសកម្ពុជា។ ក្នុងករណីតំបន់ស្មុគស្មាញត្រូវបន្ថែមមន្ដ្រីជំនាញ និងឧបករណ៍។

*ទី៣៖ ត្រូវបន្ដពង្រឹងការគ្រប់គ្រងសារធាតុគីមីផ្សំ ដោយផ្ដោតការយកចិត្តទុកដាក់ខ្លាំងបំផុត ចំពោះសារធាតុគីមីទាំងឡាយណាដែលអាចយកទៅផ្សំកែច្នៃផលិតគ្រឿងញៀន។ ចំណុចនេះក្រសួងសាមី ដែលនាំចូលសារធាតុគីមីផ្ទាល់តែម្ដងត្រូវពង្រឹង ដោយមិនត្រូវឲ្យសារធាតុគីមីនោះធ្លាក់ទៅដល់ដៃឧក្រិដ្ឋជន។

*ទី៤៖ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវតែធ្វើការប្ដេជ្ញាចិត្តដើម្បីលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនតាមក្លឹបកម្សាន្ដ ហើយនេះជាជំហរមួយដាច់ណាត់ត្រូវតែអនុវត្ត។ ចំណុចនេះត្រូវយកចិត្តទុកដាក់នៅតំបន់ជុំវិញស្ថាប័ននយោបាយ ស្ថាប័នសេដ្ឋកិច្ច ទេសចរណ៍ សាសនា និងអប់រំ ហើយក្នុងករណីតំបន់ដែលលំបាក ឬស្មុគស្មាញ ត្រូវរាយការណ៍ជូនជំនួយអន្ដរាគមន៍ពីថ្នាក់ជាតិ។

*ទី៥៖ ជំរុញវិធានការផ្សព្វផ្សាយអប់រំ ដោយធ្វើឡើងឲ្យទាន់សម័យ និងមានប្រសិទ្ធភាព ព្រមទាំងជំរុញឲ្យមាន MoU ជាមួយបណ្ដាអង្គភាព ឬសមាគមធំៗ ដើម្បីចូលរួមសហការ។

*ទី៦៖ ពាក់ព័ន្ធកិច្ចការព្យាបាល និងស្ដារនីតិសម្បទា ដែលមានលោក ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាលជាប្រធាន ត្រូវជំរុញបង្កើនឲ្យមានមជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា សំដៅឲ្យមានការចូលរួមចំណែកពីវិស័យឯកជនដើម្បីបង្កើតឲ្យមានទីតាំងនេះ។ លើសពីនេះ ក៏ត្រូវគិតអំពីស្ដង់ដារ SOP ដើម្បីបង្កើតមជ្ឈមណ្ឌលនេះ ខណៈរដ្ឋត្រូវគិតអំពីការបង្កលក្ខណៈដល់វិស័យឯកជនដូចគ្នា។

*ទី៧៖ គណៈបញ្ជាការឯកភាព ត្រូវចលនាឲ្យអ្នកដែលប្រើប្រាស់គ្រឿងញៀន បង្ហាញខ្លួនដើម្បីទទួលការព្យាបាល ដែលជាការងារដ៏ល្អបំផុត៕