(បន្ទាយមានជ័យ)៖ កម្មករនិយោជិក ជិត៧០០នាក់ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ បានចូលរួមអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៤ ខួបអនុស្សាវរីយ៍លើកទី១៣៨ ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, លោក អ៊ុំ រាត្រី អភិបាលខេត្ត អភិបាលរងខេត្ត អង្ភភាពទាំង៣ រដ្ឋបាលក្រុង ស្រុក រដ្ឋបាល ឃុំសង្កាត់ ប្រធានមន្ទីរ។

ក្នុងខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ១ឧសភា ឆ្នាំ ២០២៤នេះ លោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ស្ថានភាពសហគ្រាសគ្រឹះស្ថាន ក្នុងខេត្តបន្ទាយមានជ័យ សរុបមានចំនួន ៣៦៥សហគ្រាស ក្នុងនោះមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ក្រុងប៉ោយប៉ែត មានចំននួន៤ និងស្រុកថ្មពួកមានចំនួន១។

១៖ តំបន់សេដ្ឋកិច្ចពិសេសសានកូប៉ោយប៉ែត, ២៖ តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបប៉ោយប៉ែត, ៣៖ តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតអូនាង, ៤៖ តំបន់សេដ្ឋកិច្ចពិសេស លីអ៊ុតនី មិនដំណើរការ, ៥៖ តំបន់សេដ្ឋកិច្ចពិសេស ភ្នំឆ័ត្រថ្មី នៅស្រុកថ្មពួក។

ក្នុងនោះ មានសួនឧស្សាហកម្មចំនួន១ ក្នុងក្រុងសិរីសោភ័ណ, សួនឧស្សាហកម្មស៊ីសុផុនអិនដាសស្រ្ទៀលផាក។ ចំណែក កម្មករនិយោជិក ក្នុងខេត្តបន្ទាយមានជ័យសរុបមានចំនួន២៥,៦៦៤នាក់ ស្រីមានចំនួន ១៤,១២៦ នាក់។ កម្មករនិយោជិកខ្មែរ មានចំនួន២៣,៤២៩នាក់ ស្រី១៣,៣០៧នាក់ កម្មករនិយោជិក បរទេសមានចំនួន ២.២៣៥នាក់ ស្រីមានចំនួន ៨១៩នាក់ សហជីពមូលដ្ឋាន បានចុះបញ្ជីការ សរុបមានចំនួន ១២ សហជីព ដំណើរការបានតែ ៥ ទេ។

នៅថ្ងៃទី១ឧសភា ឆ្នាំ២០២៤នេះ កម្មករ ពលករ បាននាំគ្នាប្រារព្ធធ្វើឡើង ដើម្បីរំលឹកការតស៊ូរបស់ពលករ កម្មករ លើពិភពលោកហើយជារៀងរាល់ឆ្នាំ ឲ្យតែថ្ងៃទី១ ឧសភា នេះ គេតែងតែធ្វើជារៀងរាល់ឆ្នាំ ឲ្យក្លាយទៅជាទិវាពលកម្មអន្តរជាតិ គឺជាថ្ងៃបុណ្យដ៏ធំធេងរបស់ពលករកម្មករនៃបណ្ដាប្រទេសលើពិភពលោក។

លោក អ៊ំ រាត្រី បានថ្លែងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសរួចហើយ ក្នុងការបង្កើតកម្មវិធីប្រកួតប្រជែងពានប្រចាំឆ្នាំ សហគ្រាសមួយជាសមាគមន៍សុខសាន្ត១ ដោយបានកំណត់ យកវិញ្ញាសា អនុលោមភាពចំនួន ៨ សម្រាប់ជាលក្ខខណ្ឌកំណត់ថា សហគ្រាសមួយណាអាចទទួលបានពាន សហគមន៍សុខសាន្តប្រចាំឆ្នាំ ចាប់ពីឆ្នាំ២០២៥នេះតទៅក្រសួងការងារ និងបណ្ដុះបណ្ដាលជាជីវៈពលកម្មអន្តរជាតិ១ឧសភា ជាថ្ងៃប្រគល់ពានរង្វន់ជ័យលាភី។

រាជរដ្ឋាភិបាល មានជំនឿយ៉ាងមុតមាំថា ការកំណត់យកប្រធានបទ ក៏ដូចជាការបង្កើតកម្មវិធី ប្រកួតប្រជែងយកពានសហគ្រាស១ ជាសមាគមន៍សុខសាន្ត១ និងជំរុញឲ្យមានការចីរភាព នៃវប្បធម៌អនុលោមភាព វប្បធម៌នៃកិច្ចសន្ទនាសង្គមការយោគយល់ អធ្យាស្រ័យ គ្នានៅកន្លែងការងារ និងយន្តការដោះស្រាយវិវាទការងារ នៅកម្រិតសហគ្រាស គ្រឹះស្ថាន នៅកម្រិតក្រសួង និងនៅកម្រិតក្រុមប្រឹក្សាអាជ្ញាកណ្ដាល៕