(សៀមរាប)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ជាពិសេសជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា។

លោកបន្តថា សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ត្រូវបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ២០០៦ ដែលមានរយៈពេល១៨ឆ្នាំ ហើយក្នុង​ដំណាក់កាលវិវត្តន៍ខ្លួន សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ មានកូនសិស្សចំនួន ២១ ០៧១នាក់ ហើយបានបញ្ចប់ការសិក្សាចំនួន ៧៧៤៤នាក់ ដែលទាំងអស់នេះ គឺពិតជាមានសារៈសំខាន់ក្នុងការចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលពោរពេញទៅដោយសមត្ថភាព ដើម្បីជាសសរទ្រូង ដ៏សំខាន់មិនអាចខ្វះបានសម្រាប់កម្ពុជា។

លោក ហ៊ុន ម៉ានី បានធ្វើការវាយតម្លៃយ៉ាងដូច្នេះក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យ សៅស៍អ៊ីសអេយសៀ ខេត្តសៀមរាប នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាសៀមរាប ដោយមាន​ការចូលរួមពីលោក លោកស្រី សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណៈដឹកនាំ ចលនាយុវជនគ្រឹះស្ថាន ឧត្តមសិក្សាប្រចាំសាកលវិទ្យាល័យសៅស៍អ៊ីសអេយសៀ និងសមាជិក សមាជិកា ចំនួន២៥០០នាក់ចូលរួមផង​ដែរ។

លោក ហ៊ុន ម៉ានី បានសម្តែងនូវក្តីរំភើប និងសប្បាយរីករាយ ដែលបានឃើញ កំណើននៃសមាជិក ជាលំដាប់។ លោកក៏សូមកោតសរសើរ ដល់ថ្នាក់ដឹកនាំ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបាន យកចិត្តទុកដាក់បង្ករបរិយាកាស និងប្រមូលផ្តុំយុវជន ដែលមានឆន្ទៈចង់ចូលរួមការងារសង្គម ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា។ នាឱកាសនៃការជួបជុំ ដ៏មានអត្ថន័យនេះ លោកបានធ្វើការចែករំលែកបទ ពិសោធន៍ និងទស្សនៈល្អៗ ពាក់ព័ន្ធ នឹងភាពជាអ្នកដឹកនាំ ការហាត់ពត់លុតដំបណ្តុះស្មារតី និងបំណិនជីវិតល្អៗ ជាច្រើន ដែលសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា អាចរៀនសូត្រ និងក្រេបជញ្ជក់បានពីការងារស្ម័គ្រចិត្ត ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាផង​ដែរ។

សូមបញ្ជាក់ថា នាពិធីសំណេះសំណាលនេះដែរ លោក ហ៊ុន ម៉ានី ក៏បានបើកឱកាសឱ្យសមាជិក សមាជិកា បានសាកសួរនូវអនុសាសន៍ល្អៗ ប្រកបដោយភាព ស្និទ្ធស្នាល ជាទីបំផុត។

លោកបណ្ឌិត សៀន សុវណ្ណា ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានលើកឡើងថា ដោយមានការយល់ច្បាស់ពីបុព្វហេតុ និងបេសកកម្មរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បាននាំឱ្យសាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតក្នុងសាកលវិទ្យាល័យ ស្ម័គ្រចិត្តចូលរួមជាសមាជិក ដែលគិតត្រឹមបច្ចុប្បន្ននេះ សមាជិក សមាជិកាបានកើនដល់ ៤០០០នាក់។

លោកបណ្ឌិត បន្តថា សមាជិក សមាជិកាទាំងអស់ បានប្តេជ្ញា ចូលរួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីក្លាយខ្លួនជាសសរទ្រូងប្រទេសជាតិ និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោកបណ្ឌិត សៀន សុវណ្ណា បានបន្តថា យើងខ្ញុំទាំងអស់គ្នាជាបុគ្គលិក និងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានចូលជាសមាជិក សមាជិកាក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ហើយបានផ្សព្វផ្សាយ និងពន្យល់ណែនាំដល់និស្សិត និងសមាជិក សមាជិកាក្រុម ការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ទាំង អស់ឱ្យយល់ច្បាស់អំពីតម្លៃសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត ដើម្បីឱ្យពួកគេស្រលាញ់ ការពារ និងថែរក្សាសន្តិភាពនៅព្រះរាជាណាចក្រកម្ពុជារបស់យើងឱ្យស្ថិតស្ថេរជានិរន្តរ។

លោកបណ្ឌិត បានបន្តទៀតថា ដើម្បីចូលរួមការពារ និងថែរក្សាសន្តិភាពនៅព្រះរាជាណាចក្រកម្ពុជាឱ្យស្ថិតស្ថេរជា និរន្តរ សម្រាប់អភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ សូមប្តេជ្ញាចិត្តចូលជាសមាជិក សមាជិកាក្រុមការងារយុវជនសហភាពសហព័ន្ធ យុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ដើម្បីក្លាយទៅជាសសរទ្រូង និងជាឆ្អឹងខ្នង ប្រទេសជាតិ សំដៅរួមចំណែកកសាងប្រទេសកម្ពុជាឱ្យមានឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ជាមួយគ្នានេះ ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងប្អូនៗនិស្សិតជា សមាជិក សមាជិកាក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀទាំងអស់ សូមប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោរបស់រាជរដ្ឋាភិបាលកម្ពុជា៕