(ភ្នំពេញ)៖ លោក ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការគំរាមកំហែងសាយប័រ (Cyber Threat Training) នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩​ មេសា​​ ដល់ថ្ងៃទី៣​ ខែឧសភា ឆ្នាំ២០២៤ ។

វគ្គបណ្តុះបណ្តាលនេះ ដោយមានការគាំទ្រពីស្ថានទូតអាមេរិកប្រចាំកម្ពុជា និងមានការសហការរវាងសាកលវិទ្យាល័យ Carnegie Mellon University និងនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ បណ្តាអង្គភាព ក្រសួង-ស្ថាប័នរដ្ឋ សមាគមធនាគារ​ សរុបប្រមាណ​ ៥០រូប។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីពង្រឹងសមត្ថភាពអ្នកពាក់ព័ន្ធ ទៅលើចំណេះដឹងក្នុងការដោះស្រាយឧប្បត្តិហេតុសន្តិសុខសាយប័រ បង្កើនសមត្ថភាពក្នុងការចាប់យកអាសយដ្ឋានអាយភី ដែលប្រើប្រាស់ដោយចោរព័ត៌មានវិទ្យា (IOC) និងចែករំលែកការអនុវត្តល្អបំផុត សម្រាប់ការសម្របសម្រួលការឆ្លើយតប និងចែករំលែកព័ត៌មានសន្តិសុខសាយប័រ៕