(ភ្នំពេញ)៖ ជនជាតិចិន៣នាក់ ក្នុងចំណោមបក្សពួក១២នាក់ សង្ស័យចាប់ជម្រិតជនជាតិចិនដូចគ្នា២នាក់ ជម្រិតទារប្រាក់ជាង ៦ម៉ឺនដុល្លារ ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ និងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន។

ការឃាត់ខ្លួនជនជាតិចិននេះបានធ្វើឡើងនៅវេលាម៉ោងជាង៥ល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវក្នុងបុរីញូវថោន ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ហេតុការណ៍នេះ បានកើតឡើងនៅឯក្នុងខណ្ឌដូនពេញឯណោះទេ ពុំមែនកើតឡើងនៅក្នុងខណ្ឌពោធិ៍សែនជ័យនោះឡើយ ប៉ុន្តែពុំទាន់ដឹងថានៅវេលាម៉ោងប៉ុន្មាននិងនៅថ្ងៃណានោះទេ។ ដោយក្រុមជនសង្ស័យ១ក្រុមខាងលើបានធ្វើសកម្មភាពចាប់ជនជាតិចិនដូចគ្នាចំនួន២នាក់ ចេញពីក្លឹប​លេខ៩អន្តរជាតិ​​ (CLUB NINE )​ ដែលមានទីតាំងស្ថិតនៅតាមផ្លូវ​សុធារស​ សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​ រាជធានីភ្នំពេញ។

ក្រោយមកក្រុមជនសង្ស័យបាននាំយកជនរងគ្រោះ ទៅលាក់ទុកនៅចំណុចផ្ទះជួលក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជម្រិតទារប្រាក់ចំនួនជាង៦ម៉ឺនដុល្លារ។ ប៉ុន្តែគេនៅពុំទាន់ដឹងថា ជាករណីចាប់ជម្រិត ឬក៏ជាករណីដែលជនរងគ្រោះជំពាក់លុយជនសង្ស័យមិនព្រមសង ទើបត្រូវក្រុមជនសង្ស័យចាប់ជម្រិតទារលុយនោះឡើយ។

ដោយឡែកកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ ក្រោយទទួលបានពាក្យបណ្ដឹងអំពីករណីនេះហើយ ក៏បានធ្វើការស្រាវជ្រាវតាមរយៈប្រព័ន្ធ GPS ដែលបំពាក់នៅរថយន្តអាល់ផាត១គ្រឿង របស់ជនសង្ស័យ។

ទើបដឹង ពីទីតាំងលាក់ខ្លួន ហើយសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការឃាត់ខ្លួនតែម្ដងចំនួន៣នាក់តែម្ដង។ ប៉ុន្តែបក្ខពួកជនសង្ស័យ ៣នាក់រត់គេចខ្លួនបាត់ ហើយនគរបាលដកហូតរថយន្តម៉ាកឡង់គ្រីស័រ ១គ្រឿង និងរថយន្តតូយ៉ូតាអាល់ផាត១គ្រឿង រួចនាំទៅធ្វើការសាកសួរ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕