(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងអំពី ការអន្តរាគមន៍ជួយដល់ពលករខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីត ឱ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា បន្ទាប់ពីទទួល បានព័ត៌មានអំពីពលករខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានស្នើសុំអន្តរាគមន៍ឱ្យពួកគាត់បានវិលត្រឡប់មក ប្រទេសកម្ពុជាវិញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាន នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានរកឃើញទីតាំង និងរៀបចំកន្លែងស្នាក់នៅជាបណ្តោះអាសន្នជូនដល់បងប្អូន ទាំងអស់នោះភ្លាមៗ និងរៀបចំឱ្យបងប្អូនប្រជាពលរដ្ឋចំនួន ២៤នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាពរួចមកហើយដែរ។ ជានីតិវិធី ប្រទេសទទួលពលករត្រូវបំពេញនីតិវិធីនានាដើម្បីធានាថា ពលករ ទាំងអស់មិនត្រូវបានរំលោភបំពាននៅក្នុងប្រទេសទទួលឡើយ។ ហេតុដូច្នេះហើយ ទើបតម្រូវឱ្យបងប្អូននៅរង់ចាំទទួលការដោះស្រាយឱ្យបានរួចស្រេចនៅប្រទេសអារ៉ាប៊ីសាអូឌីតសិន។

ក្រសួងការងារបានបន្ថែមថា សម្រាប់បងប្អូនដែលមិនទាន់អាច វិលត្រឡប់មកវិញ គឺត្រូវបានយកចិត្តទុកដាក់ជួយទំនុកបម្រុងក្នុងការហូបចុក និងស្នាក់នៅពីសំណាក់មន្ត្រីរបស់ ក្រសួង និងស្ថានឯកអគ្គរាជទូតកម្ពុជា និងបានកំពុងរៀបចំឱ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញជាដំណាក់ៗ។

ក្រសួងបានបញ្ជាក់ទៀតថា ចាប់តាំងពីថ្ងៃទទួលបានព័ត៌មានអំពីការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋមក រាជរដ្ឋាភិបាលកម្ពុជាបានអន្តរាគមន៍ជាបន្ទាន់ ដោយមិនបានទុកបងប្អូនប្រជាពលរដ្ឋចោលនោះទេ និងបាន បញ្ជូនមន្ត្រីក្រសួងចំនួន ២រូប ទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីសហការជាមួយឯកអគ្គរាជទូតកម្ពុជា សម្របសម្រួលដោះស្រាយជាមួយនិយោជក និងភាគីពាក់ព័ន្ធក្នុងការរៀបចំនីតិវិធីនានា ដើម្បីបងប្អូនប្រជាពលរដ្ឋ បានវិលត្រឡប់មកមាតុប្រទេសវិញបានឆាប់រហ័ស និងមានសុវត្ថិភាព៕