(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី សំណាក់ អភិបាលរងខេត្ត ប្រធានស្ថាប័នតុលាការខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង តំបន់ប្រតិបត្តិការសិករងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៧ លោកអធិការក្រុងស្រុក លោកមេប៉ុស្ត៍ទូទាំងខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា «គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក គឺជាសេនាធិការឱ្យគណៈបញ្ជាការរដ្ឋបាលខេត្ត ហើយមានតួនាទីភារកិច្ចដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានក្នុង តំបន់ ក្រុងស្រុក របស់ខ្លួន ព្រមទាំងរាយការណ៍ជូនដល់គណៈបញ្ជាការរដ្ឋបាលខេត្តដើម្បីឱ្យគណៈបញ្ជាការរដ្ឋបាលខេត្តទទួលបាននៅព័ត៌មានព្រមទាំងរាយការណ៍ជូនទៅថ្នាក់ជាតិជាបន្ត»

លោកបណ្ឌិតប្រធានគណៈបញ្ជាការរដ្ឋបាលខេត្ត បានបន្តថា «កន្លងមកនេះគណៈបញ្ជាការរដ្ឋបាលក្រុងស្រុកទាំងអស់បានចូលរួមដោះស្រាយនៅបញ្ហាជាច្រើន ហើយទទួលបានលទ្ធផលល្អផងដែរ ប៉ុន្តែនៅមានបញ្ហាមួយចំនួន ដែលយើងត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយផងដែរ ដូចនេះខ្ញុំសូមដាក់ចេញនៅវិធានការ៥ចំណុច ដើម្បីធ្វើការបង្រ្កាបក៏ដូចជាទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងខេត្តត្បូងឃ្មុំរបស់យើង»

លោកបណ្ឌិត អភិបាលខេត្ត បញ្ជាក់ថា វិធានការទាំង៥ចំនុចនោះរួមមាន

ទី១៖ ធ្វើការទប់ស្កាត់និងបង្រ្កាបទៅលើបញ្ហាគ្រឿងញៀន
ទី២៖ ធ្វើការទប់ស្កាត់និងបង្រាបរាល់ល្បែងស៊ីសងខុសច្បាប់
ទី៣៖ ធ្វើការទប់ស្កាត់និងបង្ក្រាបរាល់ការឈូសឆាយទន្ទ្រានតំបន់ដីព្រៃលិចទឹក
ទី៤៖ ទប់ស្កាត់និងកាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៍
ទី៥៖ ទប់ស្កាត់និងបង្រ្កាប់ទៅលើក្មេងទំនើងដែលបង្ករអសន្តិសុខដល់ស្រុក ភូមិ ឃុំ ខេត្តរបស់យើង។

លោកបណ្ដិត ជាម ច័ន្ទសោភ័ណ ក៏បានបង្ហាញផងដែរ ពីការវាស់វែងដីនៅស្រុកក្រូចឆ្មារ នឹងពន្លឿនឲ្យបានចប់សព្វគ្រប់នៅចុងឆ្នាំ២០២៤នេះ ដើម្បីបង្ការកុំឲ្យមានសកម្មភាពទន្ទ្រានដីព្រៃលិចទឹក លេចចេញជារូបរាងបន្តបន្ទាប់ទៀត។

ជាចុងក្រោយ លោកបណ្ឌិត អភិបាលខេត្ត បានលើកឡើងនូវគោលនយោបាយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា «សម្អាតផ្ទះយើង» ដូច្នេះគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា ដោយប្រើប្រាស់កម្លាំងសរុប វិធានការសរុប ទើបទទួលបានជោគជ័យ លើការងារនេះ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីធ្វើការត្រួតពិនិត្យលើរបាយការណ៍នៃការអនុវត្តកិច្ចការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំង៧ នៃខេត្តត្បូងឃ្មុំ និងពង្រឹងបន្ថែមលើកិច្ចការងារដែលបានដាក់ចេញឱ្យអនុវត្ត៕