(ភ្នំពេញ)៖ អ្នកឧកញ៉ា គួច ម៉េងលី នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានលើកទឹកចិត្តប្រជាពលរដ្ឋ ឱ្យចូលរួមអភិវឌ្ឍន៍វិស័យផ្សារមូលបត្រកម្ពុជា ខណៈវិស័យមួយនេះ នៅមិនទាន់អភិវឌ្ឍន៍ខ្លាំង បើប្រៀបធៀបនឹងប្រទេសជិតខាង។

អ្នកឧកញ៉ាស្នើបែបនេះ ក្នុងកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកសាមញ្ញ លើកទី១ របស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ម.ក នៅសាលារៀន អន្តរទ្វីប អាមេរិកកាំង សាខាទួលគោក។

ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ចង់ឃើញអ្នកចូលរួមវិនិយោគនៅក្នុងផ្សារមូលបត្រ ឱ្យដូចការចាប់អារម្មណ៍វិនិយោគលើវិស័យអចលនទ្រព្យដែរ ហើយនេះមិនមែនជាលើកទី១ នោះទេ ដែលអ្នកជំនាញផ្នែកនិយាយជាសាធារណៈរូបនេះ លើកទឹកចិត្តប្រជាពលរដ្ឋ ឱ្យចាប់អារម្មណ៍លើវិស័យផ្សារហ៊ុន។

ជាមួយគ្នានេះ អ្នកឧកញ៉ា គួច ម៉េងលី ក៏បានលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាទាំងអស់ ឈានជើងចូលទីផ្សារមូលបត្រ ក្នុងការកៀរគរទុនសម្រាប់ពង្រីកអាជីវកម្ម និងគាំទ្រទីផ្សារមូលបត្ររបស់កម្ពុជា ដើម្បីឱ្យប្រទេសកម្ពុជាមានការរីកចម្រើន សេដ្ឋកិច្ចស្ថិតស្ថិរ។

សូមជម្រាបថា លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ធ្លាប់បានអំពាវនាវដល់មហាជន ជួយវិនិយោគលើផ្សារមូលបត្រកម្ពុជា ឲ្យមានការជួយដូរប្រចាំថ្ងៃ ក្នុងទំហំ ១០០លានដុល្លារអាមេរិក កាលពីឆ្នាំ២០២៣។

លោកថ្លែងថា នៅសហរដ្ឋអាមេរិក មានការចរាចរលើផ្សារមូលបត្រក្នុងទំហំទឹកប្រាក់ ទ្រីលានដុល្លារអាមេរិក ក្នុងមួយថ្ងៃៗ។ នេះក៏ព្រោះតែមានការចូលរួមពីមហាជន ហើយវិស័យមូលបត្ររីកចម្រើន ក៏ធ្វើឲ្យសេដ្ឋកិច្ចប្រទេសរីកចម្រើនដែរ។

បើតាមលោក ហុង សុហួរ នៅឆ្នាំ២០២៣ រៀងរាល់ខែមានអ្នកបើកគណនីជួញដូរជាប្រចាំ ១០០០នាក់ សម្រាប់ប៉ុន្មានខែនេះ នៅលើផ្សារមូលបត្រកម្ពុជា។ ជាមួយគ្នានេះ អ្នកទិញលក់ប្រចាំថ្ងៃក៏កាន់តែសកម្ម ខណៈអ្នកបើកគណនីជួញដូរហើយទុកចោលច្រើនណាស់ ហើយក្នុងមួយថ្ងៃមានអ្នកដាក់បញ្ជីជួញដូរមិនដល់ ១០០នាក់ផងក្នុងមួយថ្ងៃៗ កាលពីមុន។

សូមជម្រាបដែរថា គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនចំនួន២០ហើយ ដែលបានចុះបញ្ជីលក់មូលបត្រ​ ក្នុងនោះក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិមានចំនួន១១ ​និងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលចំនួន៩។
នៅក្នុងពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូការនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានប្ដេជ្ញាចិត្តធានាជូនការផ្ដល់ភាគលាភយ៉ាងតិច៦%ក្នុងមួយឆ្នាំ រយៈពេល២ឆ្នាំ៕