(ភ្នំពេញ)៖ ក្រុមសហជីពនៅកម្ពុជាមើលឃើញថារាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះមានយន្តការដោះស្រាយវិវាទការងារល្អប្រសើរ រហ័ស និងមានប្រសិទ្ធិភាពបម្រើដល់ផលប្រយោជន៍កម្មករ ដែលនេះជាសញ្ញាល្អក្នុងការលើកកម្ពស់សិទ្ធិកម្មករ និងបង្កឱ្យមានសុខដុមរមនីយកម្មក្នុងវិស័យការងារនៅកម្ពុជា។

លោកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជា លើកឡើងថា៖«ខ្ញុំមើលឃើញរាជរដ្ឋាភិបាលដែលមានក្រសួងការងារបានចុះទៅដោះស្រាយផ្ទាល់លើវិវាទការងារ ជាពិសេសក្នុងករណីថៅកែរត់ចោលរោងចក្រ។ ថ្មីៗនេះយើងឃើញមានករណីរោងចក្រ Y&W, រោងចក្រ R&G ជាដើម ខ្ញុំឃើញក្រសួងការងារទៅដោះស្រាយផ្ទាល់។ ខ្ញុំសារទរនូវយន្តការដ៏ល្អសម្រាប់កម្មករនេះ»។

លោកស្រីបន្ថែមថា រាជរដ្ឋាភិបាលបានផ្តល់អត្ថប្រយោជន៍ទៅដល់ដៃបងប្អូនកម្មករផ្ទាល់ បន្ទាប់ពីរោងចក្រជួបបញ្ហាឈានដល់ការបិទទ្វា ដែលទាំងនេះគឺជាការផ្តល់ដំណោះស្រាយលឿន និងមានគុណភាពរបស់រាជរដ្ឋាភិបាលនៅអាណត្តិនេះ។ យន្តការដោះស្រាយវិវាទការងារលឿនបែបនេះគឺជារឿងមួយល្អប្រសើរ ហើយវាបង្ហាញពីការយកចិត្តទុកដាក់ និងការពារសិទ្ធិទៅដល់បងប្អូនកម្មករនិយោជិតទាំងអស់គ្នាផងដែរ។

លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា (CCW) លើកឡើងថា៖«ចំពោះវិវាទការងារករណីចុងក្រោយនេះយើងឃើញមានការដោះស្រាយលឿន។ ចំពោះខ្ញុំ គោលនយោបាយដែលរាជរដ្ឋាភិបាលកំពុងធ្វើសម្រាប់កម្មករ យើងគាំទ្រហើយរំពឹងមានការដោះស្រាយវិវាទការងារមានភាពសហ័ស លឿន ការពារផលប្រយោជន៍កម្មករដូច្នេះ»។

លោកបន្ថែមថា ក្រៅតែពីការដោះស្រាយវិវាទជូនកម្មករបានឆាប់រហ័ស និងមានប្រសិទ្ធិភាពបែបនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននាំយកឱកាសការងារជាច្រើនពាន់កន្លែងទៅដល់មុខរោងចក្រ សម្រាប់ឱ្យបងប្អូនកម្មករទទួលបានការងារធ្វើថ្មី បន្ទាប់ពីរោងចក្រមានបញ្ហា។ គោលនយោបាយនេះគឺមានសារសំខាន់ និងមានភាពថ្មីស្រឡាងសម្រាប់បងប្អូនកម្មករ។

ដោយឡែក លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ចាប់អារម្មណ៍លើការពង្រីកវិសាលភាពប.ស.ស. ដែលក្នុងនោះកម្មករអាចប្រើប័ណ្ណប.ស.ស. ដើម្បីទៅពិនិត្យសុខភាព និងថែរទាំសុខភាពដោយឥតគិតថ្លៃ។ ការផ្តល់ជូនសម្រាប់កម្មករនិយោជិតពីសំណាក់រាជរដ្ឋាភិបាលនេះគឺបានផ្តល់អត្ថប្រយោជន៍ និងជួយសម្រួលដល់ជីវភាពកម្មករ ជាពិសេសការទប់ការចំណាយ។

ទន្ទឹមនឹងនេះក្រុមសហជីពនៅកម្ពុជាបានសារទរយ៉ាងខ្លាំងទៅដល់រាជរដ្ឋាភិបាលកម្ពុជាដែលបន្តផ្តល់អត្ថប្រយោជន៍ជាច្រើនទៅដល់កម្មករនិយោជិតក្នុងនោះមានដូចជា ការអនុញ្ញាតឱ្យកម្មករប្រើបណ្ណ ប.ស.ស. ដោយឥតគិតថ្លៃ, ការផ្តល់ប្រាក់ឧបត្ថម្ភទៅដល់កម្មការិនីមានផ្ទៃពោះ និងអំឡុងពេលសម្រាកមាតុភាព, ការពិនិត្យផ្ទៃពោះ, ការតំឡើងប្រាក់ឈ្នួល, ការផ្តល់ការរៀនជំនាញបច្ចេកទេសដោយឥតគិតថ្លៃ ជាដើម៕