(ភ្នំពេញ)៖ លោក លិ សុខា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានបើកសវនាការប្រកាសសាលក្រមសំណុំរឿងបង្ក្រាបក្រុមឧក្រិដ្ឋជន ជនជាតិថៃ ដែលដឹកជញ្ជូន ជួញដូរគ្រឿងញៀននៅចំណុចផ្លូវកែវចិន្តា ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីកំឡុងខែសីហា ឆ្នាំ២០២២។

ជនជាប់ចោទជាជនជាតិថៃទាំង៣នាក់រួមមាន៖

*ទី១៖ ឈ្មោះ ផាន់ធេប វិត្យា ហៅណាកូ
*ទី២៖ ឈ្មោះ ណាក់រ៉ុងរិទ្ធ ចាក់អ៊ីនស៊ុក ហៅ យ៉ូ
*ទី៣៖ ឈ្មោះ ក្រៀងសក្តិ ម៉ាកក់លិគុណ ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារអស់មួយជីវិត ពីបទ «ដឹកជញ្ជូន ជួញដូរ រក្សារទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបទកាន់កាប់ ដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត»

ចំណែកឧក្រិដ្ឋជាតិថៃ ម្នាក់ទៀតមានឈ្មោះ NATTHAPONG POLKHAN ភេទប្រុស អាយុ២៨ឆ្នាំ បានស្លាប់ ក្នុងកំឡុងពេលបើកការបង្ក្រាបរបស់សមត្ថកិច្ច។

ពាក់ព័ន្ធដល់ដើមចមនៃសំណុំរឿងក្រុមឧក្រិដ្ឋជនគ្រឿងញៀនជនជាតិថៃទាំង៤នាក់នេះ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ដោយចាប់ខ្លួនជនជាតិថៃ៤នាក់ និងរឹបអូសគ្រឿងញៀនបានជាង៤០គីឡូក្រាម។

នៅថ្ងៃកើតហេតុ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៨៖៣០នាទី កម្លាំងជំនាញចម្រុះបានធ្វើការស៊ើបអង្កេតជាង១ខែ ហើយបានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន ជនជាតិថៃ ដឹកជញ្ជូន ជួញដូរគ្រឿងញៀននៅចំណុច ផ្លូវកែវចិន្តា ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ក្នុងករណីនេះ ក្រុមជនល្មើសបានបើករថយន្តបំបុក និងប្រើអាវុធបាញ់មកលើសមត្ថកិច្ចចំនួន៨គ្រាប់ ហើយសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួនបាញ់តបតវិញ បណ្តាលឱ្យជនសង្ស័យម្នាក់ស្លាប់ និងម្នាក់រងរបួស ហើយជាលទ្ធផល សមត្ថកិច្ចឃាត់ខ្លួនក្រុមជនល្មើស៤នាក់។

ក្នុងការបង្ក្រាបសមត្ថកិច្ចចាប់យកវត្ថុតាងមានគ្រឿងញៀនសរុប ៤១ គ.ក្រ ៩៣២ក្រាម, ប្រភេទកេតាមីន (KETAMINE)ទម្ងន់ ១២ គ.ក្រ ១៨០ក្រាម, អ៊ិចស្តាស៊ី(MDMA) ទម្ងន់ ២៩ គ.ក្រ ៧៥២ក្រាម, រថយន្ត២គ្រឿង, អាវុធខ្លី ២ដើម៕