(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ែន វណ្ណៈ អតីតអង្គរក្សរបស់​លោក សម រង្ស៉ី ដ៏យូរឆ្នាំ និងលោក មុំ អស្សនី ដែលជាអ្នកវាយ​ប្រហារ​ដ៏ខ្លាំងក្លាលើសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា ចូលជួបសម្តែងការគួរសម និងសុំទោសចំពោះកំហុសឆ្គងទាំងឡាយ ដែល​ពួក​គេ​បានធ្វើកន្លងមក។

លោក ម៉ែន វណ្ណៈ ធ្លាប់បានធ្វើជាអង្គរក្សរបស់លោក សម រង្ស៉ី អស់ជាច្រើនឆ្នាំមក​ហើយ​។ ដោយឡែកលោក មុំ អស្សនី គឺជាធ្លាប់បានប្រឡូកនយោបាយជាមួយគណ​បក្ស​សង្គ្រោះ​ជាតិកាលពីឆ្នាំ២០១៣មក។ ទាំងលោក ម៉ែន វណ្ណៈ និងលោក មុំ អស្សនី សុទ្ធសឹងជា​អ្នក ដែលបានវាយប្រហារដោយមិនសំចៃមាត់ឡើយលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស​សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។

ក្រោយអស់ទំនុកចិត្តលើជីវិតនយោបាយគ្មានកោះត្រើយ ក្រោមការដឹកនាំដ៏កម្សោយ​របស់​លោក សម រង្ស៉ី នោះ លោក ម៉ែន វណ្ណៈ និងលោក មុំ អស្សនី ក៏បាននាំចាក​ចេញ​ពី​​លោក សម រង្ស៉ី ហើយសុំសម្តេចតេជោ ចូលរួមរស់ជាមួយគណបក្សប្រជាជន​កម្ពុជា​វិញ។

ទាំងលោក ម៉ែន វណ្ណៈ និងលោក មុំ អស្សនី ត្រូវបានគេបញ្ចុះបញ្ចូលបំភិតបំភ័យដោយ​ក្រុម​​​ប្រឆាំងមិនឱ្យវិល​ត្រឡប់មកម្ពុជាវិញនោះទេ។ ពួកគេបំភ័យថា វិលចូលកម្ពុជា នឹង​ត្រូវ​​​រាជ​រដ្ឋាភិបាលចាប់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន ជាអ្នកនយោបាយមួយរូប ដែលមានចិត្តសណ្តោសប្រណីខ្ពង់​ខ្ពស់។ ក្នុងជីវិតនយោបាយរបស់សម្តេចរយៈពេលជាង៤០ឆ្នាំមកនេះ តែងប្រកាន់យក​ស្មារតីបង្រួបបង្រួម និងអនុគ្រោះជានិច្ច ដោយមិនគុំកួនខ្មែរដែលធ្លាប់ប្រឆាំងសម្តេចនោះ​ឡើយ។

អំណាចក្តីសណ្តោសរបស់សម្តេចតេជោ បានធ្វើឱ្យលោក ម៉ែន វណ្ណៈ និងលោក មុំ អស្សនី តក់ស្លុតជាខ្លាំង។ គ្រាន់តែបានឃើញសម្តេចតេជោភ្លាមចិត្តបេះដូង​ឡើងត្រជាក់​ដូច​ជា​ទឹកកក កាយបានបង្អោនចុះ ជង្គង់ទាំងគូបានលុត សូមក្តីខមាទោស និងអត់ឱនពី​សម្តេចតេជោ។

លោក ម៉ែន វណ្ណៈ និងលោក មុំ អស្សនី បានស្ញប់ស្ញែងជាខ្លាំងចំពោះទឹកចិត្តសណ្តោស​ប្រណី​រ​បស់សម្តេចតេជោ ហ៊ុន សែន។ ពួកគេបានចាត់ទុកសម្តេចតេជោ ជាមេដឹកនាំ​មាន​ព្រហ្ម​វិហារធម៌ មានធម៌សណ្តោសប្រណៃធំធេងណាស់។

លោក ម៉ែន វណ្ណៈ និងលោក មុំ អស្សនី បានថ្លែងថា ពួកលោកនឹងស្មានមិនដល់ថា សម្តេច​តេជោ មិនប្រកាន់ខឹងអ្វីទាល់តែសោះ បើទោះបីពួកលោកធ្លាប់បានប្រើពាក្យអសុ​រោះជាច្រើនលើសម្តេច។

លោក ម៉ែន វណ្ណៈ និងលោក មុំ អស្សនី បានអំពាវនាវអ្នកប្រឆាំងទាំងឡាយ ឈប់បន្ត​ជីវិតជាមួយលោក សម រង្ស៉ី ហើយវិលមករួបរួមបម្រើជាតិមាតុភូមិ ក្រោមការដឹកនាំ​របស់តេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ ជាពិសេសកុំជឿការញុះញង់​របស់ក្រុមប្រឆាំងថា រាជរដ្ឋាភិបាលចាប់ចងបើហ៊ានចូលមកកម្ពុជា៕