(កំពង់ស្ពឺ)៖ អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមហ៊ុន ចូលរួមរំលែកទុក្ខ និងប្រគល់ថវិកាក្នុងមួយគ្រួសារចំនួន២លានរៀលជូន លោកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ សម្រាប់ប្រគល់ជូនដល់ក្រុមគ្រួសារយោធិនពលី ទាំង២០រូប ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ អ្នកឧកញ៉ា ឡេង ប្រុស សូមនាំនូវការចូលរួមរំលែកទុក្ខពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ព្រមទាំងបុគ្គលិកទាំងអស់ នៃក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា ជាមួយក្រុមគ្រួសារសព ថ្នាក់ដឹកនាំទីបញ្ជាការយោធភូមិភាគទី៣ ចំពោះការបាត់បង់សមាជិកគ្រួសារ នាយទាហាន នាយទាហានរង និងពលទាហានជាទីគោរពស្រលាញ់ គួរឲ្យសោកស្តាយជាទីបំផុត។

អ្នកឧកញ៉ាថ្លែងថា «នេះគឺជាការបាត់បង់នាយទាហាន នាយទាហានរង និងពលទាហានឆ្នើម ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា ពិសេសរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុការពារបូរណភាពទឹកដី កសាងសុខសន្តិភាព ស្ថិរភាពសង្គម និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត»។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានអញ្ជើញមកចូលរួមរំលែកមរណទុក្ខដោយផ្ទាល់ និងបានចូលរួមឧបត្ថម្ភថវិកាជូនដល់ក្រុមគ្រួសារនាយទាហាន នាយទាហានរង និងពលទាហានឆ្នើមទាំង២០រូបរបស់ទីបញ្ជាការយោធភូមិភាគទី៣។

លោកឧត្តមសេនីយ៍ឯក យឿង សុខុន សូមប្រសិទ្ធិពរជ័យជូនអ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល និងបុគ្គលិកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទាំងអស់សូមជួបនូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំអាក់ខានឡើយ៕