(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានលើកឡើងថា ក្រសួងការងារនឹងប្រកាសពីជ័យលាភីនៃពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយរៀងរាល់ឆ្នាំចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ តទៅ។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» មាន ៣កម្រិត គឺពានរង្វាន់លេខ១, លេខ២, និងលេខ៣ ក្នុងនោះសហគ្រាសដែលទទួលបានជ័យលាភី គឺទទួលបានការលើកទឹកចិត្ត ទី១ ពាន និងវិញ្ញាបនបត្រ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» សម្រាប់ប្រើប្រាស់តាមការចាំបាច់ និងជាឯកសារយោង ដើម្បីបង្ហាញដល់ដៃគូពាណិជ្ជកម្ម និងម្ចាស់ម៉ាកពីការគោរពច្បាប់ និងលក្ខខណ្ឌការងារនៅរោងចក្ររបស់ខ្លួន និងទី២លើកលែងការចុះអធិការកិច្ចសាមញ្ញក្នុងរយៈពេលចាប់ពី ១ឆ្នាំ ដល់ ៣ឆ្នាំ ស្របតាមកម្រិតនៃពានរង្វាន់ដែលទទួលបាន។

គូរកត់សម្គាល់ដែរថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញនូវប្រកាសចំនួន ៣ និងសេចក្តីសម្រេចចំនួន ១ កំណត់លក្ខណវិនិច្ឆ័យពាន «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដោយក្នុងនោះតម្រូវឱ្យសហគ្រាសនីមួយៗ ត្រូវទទួលបានវិញ្ញាបនបត្រអនុលោមភាពចំនួន ៨ ក្នុងនោះ៖

ទី១៖ អនុលោមភាពនៃលក្ខខណ្ឌការងារ
ទី២៖ អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង
ទី៣៖ អនុលោមភាពនៃទំនាក់ទំនងវិជ្ជាជីវៈ។
និងទី៤៖ អនុលោមភាព នៃលក្ខខណ្ឌស្ដីពីសុវត្ថិភាព និងសុខភាពការងារ
ទី៥៖ អនុលោមភាពនៃរបបសន្ដិសុខសង្គម
ទី៦៖ អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតជាជនពិការ
ទី៧៖ អនុលោមភាពនៃការអនុវត្តកម្មវិធីលើកកម្ពស់ផលិតភាពការងារ
និងទី៨៖ អនុលោមភាពនៃការអនុវត្តកម្មវិធីទទួលខុសត្រូវសង្គម៕