(ភ្នំពេញ)៖ អនុសាខាគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ប៊ុត បូវណ្ណារ័ត្ន ជាប្រធាន និងរួមដំណើរដោយលោក លឹម សាម៉ឺឌី និងលោក ស៊ូ សារ៉ាត់ ជាអនុប្រធាន ព្រមទាំងសមាជិកលោក ប៊ុន ថៃរ៉ូត និងមន្ត្រីតំណាងក្លឹបយុវជន ក.ក្រ.ក ប្រចាំវិទ្យាល័យ ជំនួសមុខឲ្យលោក ជិន ប៊ុនធឿន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំយកថវិកា និងសម្ភារសិក្សាមួយចំនួន ឧបត្ថម្ភលើកទឹកចិត្តដល់យុវជនចំនួន៣រូប ដែលទទួលបានជ័យលាភី នៅក្នុងការប្រឡងជ្រើសរើសគំនូរយុវជនកាកបាទក្រហម ដើម្បីអបអរសាទរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។

ពិធីប្រគល់ និងទទួលរង្វាន់លើកទឹកចិត្តយុវជននៅក្នុងការប្រឡងជ្រើសរើសគំនូរយុវជនកាកបាទក្រហម ដើម្បីអបអរសាទរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ របស់អនុសាខាគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ នេះបានធ្វើឡើងនៅតាមបណ្ដាវិទ្យាល័យចំនួនពីរ មានវិទ្យាល័យឬស្សីកែវ និងវិទ្យាល័យ ជា ស៊ីម ចម្រើនរដ្ឋ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។

ក្រុមការងារអនុសាខាគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ មុននិងក្រោយលើកទឹកចិត្តយុវជន៣រូប នៅក្នុងការប្រឡងជ្រើសរើសគំនូរយុវជនកាកបាទក្រហម ដើម្បីអបអរសាទរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ បានលើកឡើងថា ទោះបីជារូបភាពដែលដាក់តាំងមិនសូវបានល្អសមតាមទ្រង់ទ្រាយដូចមនុស្សធំ ឬអ្នកមានជំនាញគូរក្តី ប៉ុន្តែរូបភាពទាំងនេះ បានបង្ហាញពីការរិះគិត និងការខិតខំផ្ចិតផ្ចង់គូររបស់ប្អូនៗ និងក្មួយៗតាមរយៈការជួយបំផុស ណែនាំខ្លឹមសារគំនូរពីសំណាក់លោកគ្រូ និងអ្នកគ្រូ។ ក្នុងន័យនេះ គឺស្ដែងឲឃើញអំពីការសាកល្បងទឹកដៃ ជាវិចិត្រករវ័យក្មេង ហើយពិតជាបានដឹងថាការរិះរកអំពីខ្លឹមសារត្រូវគូរ ការគូរដោយផ្ទាល់លើក្រដាសគំនូរ និងការផាត់ពណ៌មានការងាយស្រួល ឬលំបាកយ៉ាងណា។ ដូច្នេះហើយ ទើបបច្ចុប្បន្ននេះ ទោះបីមានបច្ចេកវិទ្យារីកចំរើន ដោយមានឧបករណ៍ទំនើបអាចថតផ្តិត និងពង្រីករូបភាពធំជាងរូបភាពពិតល្អឥតខ្ចោះ និងរហ័សទាន់ចិត្តក្តី ក៏រូបភាពដែលគូរ និងផាត់ពណ៌ដោយដៃនៅតែមានតម្លៃ និងជាទីពេញនិយមនៅឡើយ ពិសេសចំពោះអ្នកដែលនិយមរូបភាពដែលគូរដោយដៃមនុស្សផ្ទាល់ ព្រោះជាស្នាដៃដែលបានមកពីការអំណត់ព្យាយាមរបស់វិចិត្រករ។

ក្រុមការងារអនុសាខាគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បានស្ងើចសរសើរដោយស្មោះចំពោះស្មារតីខិតខំព្យាយាមរបស់ប្អូនៗ និងក្មួយៗ ដែលបានចូលរួមគូរគំនូរពីសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាយើង។ ជាមួយគ្នានេះដែរ ចំពោះប្អូនៗ និងក្មួយៗ ដែលមិនបានជាប់ជ័យលាភី សូមកុំមានការអាក់អន់ស្រពន់ចិត្ត ព្រោះនេះជាការប្រឡងស្នាដៃដោយយុត្តិធម៌ទាំងអស់គ្នា និងសូមប្អូនៗ ក្មួយៗព្យាយាមបន្តទៀត ដោយហេតុថាឱកាសសម្រាប់ប្អូនៗ និងក្មួយៗមានច្រើននៅឆ្នាំខាងមុខ និងសូមក្មួយៗទាំងអស់បន្តយកចិត្តទុកដាក់គោរព និងស្តាប់បង្គាប់ឪពុកម្តាយ ខិតខំរៀនសូត្រ គោរពវិន័យសាលា ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ជួយមិត្តដែលទន់ខ្យោយ និងធ្វើតែអំពើណាដែលល្អ ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ ពិសេសត្រូវចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន ក៏ដូចជាត្រូវគោរពច្បាប់ចរាចរណ៍រាល់ពេលធ្វើដំណើរ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

សូមជម្រាបថា សម្រាប់ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជ័យលាភីលេខ១ នៅក្នុងការប្រឡងជ្រើសរើសគំនូរយុវជនកាកបាទក្រហម ដើម្បីអបអរសាទរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ នេះបានទៅសិស្សវិទ្យាល័យប្ញស្សីកែវ ឈ្មោះ សាល សុខម៉េង និងជ័យលាភីលេខ២ បានទៅសិស្សវិទ្យាល័យ ជា ស៊ីម ចម្រើនរដ្ឋ ហើយជ័យលាភីលេខ៣ បានទៅសិស្សវិទ្យាល័យ ជា ស៊ីម ចម្រើនរដ្ឋ៕