(ភ្នំពេញ)៖ គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី២៤ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៦ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ១២នាក់។ នេះបើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ រួមមាន៖

១៖ ទទួលបានណ្តឹងសរុប ១,៤១៩សំណើរ មានមនុស្ស ៣,២២៧នាក់
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ១,២៨៣សំណើ និងបិទសំណុំរឿង ៤២១សំណើ (រកឃើញមនុស្ស ១,៩៣៨នាក់, ឃាត់ខ្លួនជនសង្ស័យ ១៤៧នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៩៤ករណី។

បន្ថែមពីនេះ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញ សមត្ថកិច្ចកម្ពុជាបានស្រាវជ្រាវ បន្តរកឃើញមនុស្សចំនួន៩នាក់ ប៉ុន្តែ មិនមែនជាករណីបង្ខាំង ឬធ្វើទារុណកម្មទេ ប៉ុន្តែ ជនបរទេសទាំង៩នាក់នេះ ចង់វិលត្រឡប់ទៅប្រទេសកំណើតវិញ៕