(បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារលើគម្រោងការងារ ជួសជុលផ្លូវរងគ្រោះដោយសារ ជំនន់ទឹកភ្លៀងកំណាត់ផ្លូវខេត្តលេខ១៥៦A ដោយក្រាលកៅស៊ូ (DBST) ចំនួន៤កំណាត់ ប្រវែងសរុប ២,៩៦០ម៉ែត្រ ទទឹង ៦ម៉ែត្រចន្លោះ គ.ម ០៥+៣០០ដល់ គ.ម១១+ ២០០ ស្ថិតនៅឃុំ ពាមឯក និងឃុំព្រែកនរិន្ន ស្រុកឯកភ្នំ។

លោកបានបញ្ជាក់ថា យោងតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងក៏ដូចជាលោក សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំជាប្រចាំ និងតាមការចាំបាច់ផ្លូវដែលរងការខូចខាតនារដូវវស្សាកន្លងមក មន្ទីរជំនាញ បានយកចិត្តទុកដាក់ខិតខំធ្វើការរបស់ខ្លួនធ្វើផ្លូវជាច្រើនខ្សែ ដោយមានធ្វើផ្លូវថ្មី, ជួសជុលក្រាលកៅស៊ូ, ពង្រីកផ្លូវ,នៅតាមបណ្តាភូមិ ឃុំនានាក្នុងក្រុង ស្រុកនៃខេត្តបាត់ដំបង ជាបន្តបន្ទាប់។

លោកបានបន្តថា កាលពីឆ្នាំកន្លងទៅផ្លូវថ្នល់មានការខូចខាតជាច្រើនខ្សែបណ្តាលមកពីជំនន់ទឹកភ្លៀង ក្នុងនាមមន្ទីរជំនាញបាននឹងកំពុងបន្តធ្វើផ្លូវណាដែលចាំបាច់បំផុត និងបន្តជួសជុលផ្លូវថ្នល់គ្រប់ទីកន្លែង ទុកជាប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋបានប្រើប្រាស់បានស្រួលក្នុងការធ្វើដំណើរ និងដឹកកសិផលផ្សេងៗពីជនបទទៅទីផ្សារ និងបានជួយកាត់បន្ថយការលំបាក និងជីវភាពល្អប្រសើ របស់ប្រជាពលរដ្ឋផងដែរ៕