(ស្ទឹងត្រែង)៖ គ្រឿងញៀនជាង ២០០គីឡូក្រាម និងជនល្មើសចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលបង្ក្រាបបាន នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និង ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង។

ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១០៖២២នាទី ដោយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានសហការជាមួយកម្លាំងវរសេនាតូចការពារព្រំដែនគោក៧០១ និងមន្ទីរប្រឆាំងគ្រឿងញៀន បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុកដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅចំណុចអូរដួង ភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ និងឆែកឆេរនៅចំណុចភូមិក្រោម ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានចាប់ខ្លួនជនល្មើស៥នាក់៖ ១.ឈ្មោះ ដា ទុន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ, ២.ឈ្មោះ ភីត ឃីត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ, ៣.ឈ្មោះ សោន គាំង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ, ៤.ឈ្មោះ កែវ ដាំមន្នី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ, ៥.ឈ្មោះ សោន ណែត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ។

ចំណែកវត្ថុតាងគ្រឿងញៀន ចាប់យកសរុបទម្ងន់ ២០២ ៦៨២.៩២ក្រាម (២០២គីឡូគីឡូក្រាម និង៦៨២,៩២ក្រាម) ក្នុងនោះរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៦៩ ៦៩៥.២៦ក្រាម, គ្រឿងញៀនប្រភេទហេរ៉ូអ៉ីន (Heroine) ទម្ងន់ ២០ ៩៩២.៨ក្រាម, គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ១១ ៩៩១.៨៦ក្រាម, ៤.ប្រភេទមេតំហ្វេតាមីន(WY) ទម្ងន់ ០៣ក្រាម, សារធាតុផ្សំ ទម្ងន់សរុប ៣៧ ២១៧.៨៦ក្រាម)។ សម្ភារចាប់យករួមមាន៖ រថយន្តចំនួន១គ្រឿង, ទូរស័ព្ទដៃចំនួន៩គ្រឿង, កាំភ្លើងវែង០២ដើម កាំភ្លើងខ្លី០១ដើម, លុយបាត ៨៨២០០បាត លុយខ្មែរ ១ ៩៥៩ ៥០០រៀល និងលុយដុល្លារ ១ ៥១១ដុល្លារ។

បច្ចុប្បន្នជនល្មើសខាងលើត្រូវបាន កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាង ទៅសាលាដំបូង ខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្ត ដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ ពិសេសតាមក្លឹបកម្សាន្ត យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។

ជាការគត់សម្គាល់រយៈពេលមួយសប្តាហ៍នេះ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងធំៗចំនួន៣ករណី ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក្ខ ក្នុងបរិមាណរាប់រយគីឡូក្រាម និងបានឃាត់ខ្លួនជនល្មើសជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕