(ក្រចេះ)៖ ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោក វេជ្ជបណ្ឌិត ងី ប៊ុនឡែន បានណែនាំបងប្អូនប្រជាពលរដ្ឋថា នៅពេលដែលមានអាការៈក្តៅខ្លួន ឬរាករុះត្រូវប្រញាប់ទៅរកអ្នកស្ម័គ្រចិត្តភូមិ ឬមណ្ឌលសុខភាពដើម្បីពិគ្រោះ និងតេស្តឈាមរកមេរោគគ្រុនចាញ់ និងជំងឺផ្សេងទៀត។

ការណែនាំទៅដល់ប្រជាពលរដ្ឋ របស់ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានធ្វើឡើងនៅក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «លើកកម្ពស់សមធម៌សុខភាពសមភាព យេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់» ដែលប្រព្រឹត្តទៅនៅ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ មានការចូលរួមពីលោក ខៀវ វីរៈ អនុប្រធានមជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងអាជ្ញាធរស្រុក-ឃុំ ប្រជាពលរដ្ឋ អ្នកស្មគ្រ័ចិត្តភូមិ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

លោក វេជ្ជបណ្ឌិត ងី ប៊ុនឡែន បានថ្លែងសារ លិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ សម្ដេចធិបតី បានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូអនុវត្តនិងដៃគូអភិវឌ្ឍន៍ រួមគ្នាពន្លឿនការអនុវត្តសកម្មភាពលុបបំបាត់ជំងឺ គ្រុនចាញ់ ទៅតាមផែនការយុទ្ធសាស្ត្រជាតិ ឱ្យសម្រេចបានជោគជ័យ សម្រាប់ប្រទេសកម្ពុជាគ្មានជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ និងបណ្តាប្រទេសនៅក្នុងមហាអនុតំបន់មេគង្គគ្មានជំងឺគ្រុនចាញ់ នៅឆ្នាំ២០៣០។

លោក វេជ្ជបណ្ឌិត បន្តថា កម្ពុជាបានដាក់ទិសដៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឆ្នាំ២០២៥ ខាងមុខនេះ ហើយដើម្បីឈានទៅសម្រេចនូវគោលខាងលើនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោ បាយដូចជា៖

* ទី១៖ ជួយគាំទ្រគ្រប់យុទ្ធនាការជាមួយអង្គការដៃគូ ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់
* ទី២៖ មានយុទ្ធសាស្ដ្រក្នុងការការពារ ព្យាបាលនិងតាមដានយ៉ាងគត់មុត ដើម្បីសង្គ្រោះប្រជាពលរដ្ឋពីសេចក្ដីស្លាប់
* ទី៣៖ ការផ្ដល់អាទិភាពក្នុងការធ្វើវិនិយោគ ស្រាវជ្រាវនវានុវត្ដន៍នៅក្នុងការងារលុបបំបាត់ និងខិតខំធ្វើឱ្យបានលឿន និងទាន់ ពេលវេលា។

លោកប្រធានមន្ទីរក៏បានបញ្ជាក់ដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងវិស័យសាធាំរណៈ វិស័យឯកជន អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ ដៃគូអនុវត្ត សប្បុរសជន ព្រះសង្ឃ មន្ត្រីសុខាភិបាលគ្រប់កម្រិត អាជ្ញាធរមូលដ្ឋានអ្នកស្ម័គ្រចិត្ត ប្រជាពលរដ្ឋទាំងអស់ នឹងបន្តរគាំទ្រនិងចូល រួមសហការអនុវត្តឱ្យអស់ពីកម្លាំងកាយ កម្លាំងចិត្តនិងប្រាជ្ញាស្មារតីដើម្បីសម្រេចគោលដៅកម្ពុជាគ្មានជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥ ក្នុងបុព្វហេតុ រួមចំណែកជំរុញកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅឆ្លើយតបទៅ នឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជា ជនឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕