(ក្រចេះ)៖ ប្រជាពលរដ្ឋ អាជីវករ លោកគ្រូ អ្នកគ្រូ រស់នៅក្នុងស្រុកស្នួល ខេត្តក្រចេះ បានរួមគ្នាប្រកាសគាំទ្រពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីកជាប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឱ្យសម្រេចបាននាពេលអនាគត។

ប្រជាពលរដ្ឋទាំងនោះ បានប្រកាសគាំទ្រពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោនេះ ដែលជាការតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រវែង ១៨០គីឡូម៉ែត្រ ដែលព្រែកជីកហ្វូណន-តេជោនេះ និងផ្តល់អត្ថប្រយោជន៍ និងជាទ្រព្យដ៏មហាសាលជូនដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ជាពិសេសលើវិស័យដឹក ជញ្ជូនដូចជា៖ ការកាត់បន្ថយតម្លៃដឹកជញ្ជូន ការកាត់បន្ថយពេលវេលា ចម្ងាយការខូចខាតផ្លូវថ្នល់ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវានិងបែបបទក្នុងការឆ្លង កាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេសការអភិវឌ្ឍផែរណបថ្មីៗជាច្រើនការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ប្រព័ន្ធធារាសាស្ត្រវារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក និងការពង្រីកវិស័យអចលនទ្រព្យ ព្រមទាំងការវិនិយោគផ្សេងៗ សម្រាប់ជាប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គមនៅព្រះរាជាណាចក្រកម្ពុជា៕