(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាអតីតនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បច្ចុប្បន្នជានាយកកិត្តិយស ទទួលគ្រឿងឥស្សរិយយស The Order of the Rising Sun, Gold Rays with Neck Ribbon ពីរដ្ឋាភិបាលជប៉ុន។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ការសម្រេចប្រគល់នេះ ធ្វើឡើងដោយគណៈរដ្ឋមន្ត្រីរដ្ឋាភិបាលជប៉ុន ហើយបានប្រកាសឈ្មោះ អ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវ ឆ្នាំ២០២៤ ផ្តល់ជូនដល់បុគ្គលឆ្នើមដើម្បី ទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំងនេះ ក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏ លេចធ្លោរបស់របស់បុគ្គលទាំងនេះ ក្នុងវិស័យនានាក្នុងសង្គម។

លោកបណ្ឌិត អ៊ុម រម្យណី ទទួលគ្រឿងឥស្សរិយយស The Order of the Rising Sun, Gold Rays with Neck Ribbon នេះ ដោយសាររដ្ឋាភិបាលជប៉ុនទទួលស្គាល់ការរួមចំណែករបស់លោក ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សា និងការយល់ដឹងពីគ្នាទៅវិញទៅមករវាង ប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។ ពិធីប្រគល់គ្រឿងឥស្សរិយយស នឹងរៀបចំឡើងនាពេលខាងមុខ៕