(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃចន្ទ​ ទី២៩ ខែមេសា ឆ្នាំ២០២៤នេះ បានឣញ្ជើញជាឣធិបតីភាពបើកវគ្គបណ្ដុះបណ្ដាលជំនាញ បង្ការ និងពន្លត់ឣគ្គីភ័យ ដល់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងកងរាជអាវុធហត្ថខេត្តស្វាយរៀង។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ដែលមានសក្ខាកាមចូលរួមចំនួន ១១០នាក់ ក្នុងនោះសិក្ខាកាមកងរាជអាវុធហត្ថ មកពីខេត្តស្វាយរៀងចំនួន៤០នាក់។

ក្នុងពិធីនេះមានការឣញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី​ ឣនុប្រធាននាយកដ្ឋាន នគរបាលបង្ការ ពន្លត់ឣគ្គីភ័យ និងសង្គ្រោះ មកពីឣគ្គស្នងការនគរបាលជាតិ និងគ្រូឧទ្ទេសនាមជាច្រើនរូបទៀត។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍​ត្រី​ វង្ស​ ធី​ បានផ្តាំផ្ញេីរ​ ណែនាំសិក្ខាកាមទាំង២ខេត្ត​ ដែលចូលរួមវគ្គ​បណ្ដុះបណ្ដាលជំនាញ​ បង្ការ​ និងពន្លត់អគ្គិភ័យ​ ត្រូវខិតខំយកចិត្តទុកដាក់ ស្ដាប់នូវបទឧទ្ទេសនាមរបស់គ្រូ​ ដើម្បីយកទៅអនុវត្តក្នុងកិច្ចការងារជួយសង្គ្រោះប្រជាពលរដ្ឋ​ ក្នុងគ្រោះមហន្តរាយផ្សេងៗ​ ជាពិសេសក៏ដូចជាក្នុងករណីគ្រោះអគ្គិភ័យដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំផងដែរ៕