(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងភរិយា មានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមាដោយបានទទួលដំណឹងអំពីឧបទ្ទវហេតុ ផ្ទុះឃ្លាំងស្តុកគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ នាថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បង្កឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនបានរងរបួស។

ក្នុងវេលាដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមសម្ដែងនូវសមានទុក្ខដ៏ធំធេង និងសោកស្ដាយស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារយោធិនពលី ព្រោះការបាត់បង់នេះ គឺជាការបាត់បង់នាយទាហាន នាយទាហានរង និងពលទាហានឆ្នើម ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិជាទីស្នេហា ពិសេសរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុការពារបូរណភាពទឹកដី កសាងសុខសន្តិភាព ស្ថិរភាពសង្គម និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសានជីវិត។

សូមលោក លោកស្រីក្រុមគ្រួសារយោធិនពលី ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមកំ បំផុតពី ខ្ញុំ និងភរិយា៕