(ហ្សាការតា)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីឆ្នាំ២០២៤ នៃក្រុមប្រឹក្សា OECD ដែលនឹងប្រព្រឹត្តទៅនៅស្នាក់ការកណ្តាលរបស់ OECD នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ពីថ្ងៃទី២-៣ ខែឧសភា ឆ្នាំ២០២៤។

ការទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីឆ្នាំ២០២៤ នៃក្រុមប្រឹក្សា OECD នេះធ្វើឡើងតាមការរួមរបស់លោក Mathias Cormann អគ្គលេខាធិការអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) និងលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន

នាឱកាសនោះ លោកអគ្គលេខាធិការអាស៊ាននឹងធ្វើសន្ទរកថាក្នុងកម្មវិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីឆ្នាំ២០២៤ នៃក្រុមប្រឹក្សា OECD ស្របពេលជាមួយខួបអនុស្សាវីរយ៍លើកទី១០ នៃការដាក់ដំណើរការកម្មវិធីថ្នាក់តំបន់អាស៊ីអាគ្នេយ៍ (SEARP) របស់ OECD។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសបារាំង លោកបណ្ឌិត កៅ គឹមហួន ក៏នឹងមានជំនួបទ្វេភាគីមួយចំនួនជាមួយបណ្តារដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ ព្រមទាំងគណៈកម្មាធិការអាស៊ាននៅទីក្រុងប៉ារីសផងដែរ៕