(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ លោក ហង្ស វិចិត្រ អនុប្រធានគណៈកម្មាធិការគណបក្សអគ្គលេខាធិការដ្ឋានរដ្ឋសភា (អ.រ.ស )និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំស្វាយយា និងក្រុមការងារយុវជនគណបក្សអគ្គលេខាធិការដ្ឋានរដ្ឋសភា បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងចែកសម្ភារសិក្សាដល់សិស្សក្រីក្រដែលទទួលអាហារូបករណ៍ចំនួន១៧៥នាក់ មកពីសាលាបឋមសិក្សាចំនួន៥ នៃឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក  ចាន់ ស៉ីណូ អនុប្រធានក្រុមការងារចុះជួយឃុំស្វាយយា លោក សែម ពីសី ប្រធានក្រុមការងារយុវជនគណបក្សអគ្គលេខាធិការដ្ឋានរដ្ឋសភា លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ លោក សុខ សំអន មេឃុំស្វាយយា លោកគ្រូ អ្នកគ្រូ មាតា បិតាសិស្ស និងសិស្សានុសិស្សមួយចំនួន ដែលពិធីនេះប្រារព្វធ្វើឡើងក្នុងបរិវេណមន្ទីរគណបក្សឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ក្នុងឱកាសនោះដែរ លោក សុខ សំអន មេឃុំស្វាយយា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ហង្ស វិចិត្រ និងក្រុមការងារ ដែលបាននាំយកកាតាប និងសម្ភារសិក្សាមួយចំនួនមកប្រគល់ជូនសិស្សក្រីក្រនៃសាលាបឋមសិក្សាចំនួន៥ក្នុងឃុំស្វាយយា ស្រុកស្វាយជ្រុំ ក្នុងខេត្តស្វាយរៀងសម្រាប់ឱ្យក្មួយៗបានប្រើប្រាស់ក្នុងការសិក្សា និងបានជួយដោះស្រាយទុក្ខលំបាកមួយចំនួនរបស់មាតា បិតា និងអាណាព្យាបាលបានខ្លះផងដែរ។

ថ្លែងក្នុងឱកាសនោះលោក ហង្ស វិចិត្រ បាន មានប្រសាសន៍ថា ប្រទេសជាតិក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតែងគិតគូរជាចម្បងលើកត្តាធនធានមនុស្សជាពិសេសសាលារៀនមានគ្រប់ទីកន្លែងមកដល់ភូមិដ្ឋានកន្លែងរស់នៅរបស់ពួកគាត់។ លោកបន្តថា គ្រូបង្រៀនប្រៀបបានទៅនឹងឪពុកម្ដាយទី២ របស់សិស្សជាថ្នាលបណ្ដុះបណ្ដាលក្មេងៗយុវជនជំនាន់ក្រោយមានចំណេះដឹងមានអនាគតសម្រេចនូវក្ដីសុបិន្តមានជំនាញច្បាស់លាស់មានការងារធ្វើ និងប្រែក្លាយធនធានមនុស្សឱ្យទៅជាមូលធនមនុស្ស គឺជាទ្រព្យដែលមិនចេះរីងស្ងួតក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យដើរទាន់សម័យការបច្ចេកវិទ្យាទំនើប។

លោក បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ដែលតែងតែគិតគូយកចិត្តទុកដាក់ដល់កុមារ តួយ៉ាងសម្ភារសិក្សា និងសូមឱ្យក្មួយៗបន្តខិតខំរៀនសូត្រឱ្យក្លាយជាកូនល្អស្ដាប់ឪពុកម្តាយខិតខំស្តាប់លោកគ្រូ អ្នកគ្រូបង្រៀនឱ្យក្លាយជាសិស្សពូកែ ហើយត្រូវគោរពច្បាប់ ចរាចរណ៍  និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន ។

សូមបញ្ជាក់ផងដែរថា សម្ភារសិក្សាដែលត្រូវបានផ្តល់ជូនសិស្សក្រីក្រដែលទទួលអាហារូបករណ៍ចំនួន១៧៥នាក់ ដោយក្នុងម្នាក់ៗទទួលបានកាបូបស្ពាយចំនួន១ ខ្មៅដៃ ចំនួន៤ដើមសៀវភៅសរសេរចំនួន ៥ក្បាល ជ័រលុបចំនួន ២ដុំ  ប្រដាប់ខួងខ្មៅដៃចំនួន១ បន្ទាត់ចំនួន១ និងដបទឹក ចំនួន១ សម្រាប់សាលាបឋមសិក្សាចំនួន៥ ទទួលបានសៀវភៅសរសេរចំនួន១០០ក្បាល និងក្រដាសរ៉ាម២កេះ ក្នុងមួយសាលា ជូនសៀវភៅសរសេរចំនួន១០០ក្បាលដល់សាលាឃុំស្វាយយា និងសាលាស្រុកស្វាយជ្រុំសៀវភៅសរសេរចំនួន១០០ក្បាល និងសម្រាប់មត្តេយ្យសហគមន៍ចំនួន៤ មត្តេយ្យយ្យនីមួយៗទទួលបានក្រដាស់ពណ៌ចម្រុះប្រភេទ A4ចំនួន ២កេះ ខ្មៅដៃចំនួន ៣ប្រអប់ ហ្វឺតសរសេរលើក្តាឈួនចំនួន២ប្រអប់ គូរល័ឈើវែងចំនួន២បន្ទះ កៅអីក្មេងចំនួន១៥កៅអី តុសម្រាប់គ្រូចំនួន៤ និងកៅអីសម្រាប់គ្រូចំនួន៤ផងដែរ៕