(ភ្នំពេញ)៖ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែង សម្តេចមិនមែនចង់ឃើញត្រឹមតែកម្ពុជាមានសមត្ថភាពផលិតទំនិញនៅក្នុងស្រុកប៉ុណ្ណោះ តែក៏ចង់ឱ្យផលិតផលទាំងនោះគឺផលិតចេញដោយកូនខ្មែរ សម្រាប់ផ្គត់ផ្គង់ស្រុក ក៏ដូចជានាំចេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សាជាង៥ពាន់នាក់ អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា  នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

សម្តេចបានគូសបញ្ជាក់ថា «យើងមិនចង់ត្រឹមតែមានសមត្ថភាពផលិតអ្វីនៅក្នុងស្រុកខ្មែរនោះទេ តែត្រូវតែមានផលិតដោយកូនខ្មែរ នេះគឺជាកិច្ចការសំខាន់តទៅទៀត ដោយសារអី គឺខុសគ្នា មួយការផលិតនៅស្រុកខ្មែរអាចដោយសារក្រុមហ៊ុនបរទេស ប៉ុន្តែផលិតដោយសារកូនខ្មែរ មិនចាំបាច់តែនៅក្នុងស្រុកខ្មែរទេ»

ជាមួយគ្នានេះ សម្តេចធិបតី បានឱ្យដឹងផងដែរថា  ក្នុងពេលដែលសម្តេចបានទៅទស្សនកិច្ចនៅខ្ញុំឡាវកាលពីពេលថ្មីៗនេះ កត់សម្គាល់ឃើញថាសហគ្រាសរបស់កម្ពុជា ដែលមានប្រមាណ៣០នៅទីនោះ បានដឹកនាំប្រតិបត្តិការផលិតទំនិញដោយកូនខ្មែរ ដែលនេះគឺជាមោទនភាពមួយរបស់កម្ពុជា។

ទន្ទឹមគ្នានេះ សម្តេចធិបតីបានកត់សម្គាល់ឃើញធនធានមនុស្សរបស់កម្ពុជាក៏មានជំនាញកាន់តែប្រសើរឡើងផងដែរ។

សម្តេចមានប្រសាសន៍ថា គោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញនៅក្នុងអាណត្តិទី៧ ក៏ដូចជានៅក្នុងអាណត្តិមុនៗនេះ គឺបង្កើនផលិតភាព បង្កើតភាពម្ចាស់ការ និងសមត្ថភាពរបស់កូនខ្មែរក្នុងការផលិត ផលិតផល សម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុក។  ហើយទៅមុខទៀតកម្ពុជា នឹងកាន់តែអាចផលិតនូវសមិទ្ធផលទំនើប និងសំខាន់ៗធំៗ ជាងនេះទៅទៀត៕