(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤នេះ ដោយមានការសហការឧបត្ថម្ភធំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ អាយ.អេ.អឹម.អេ កម្ពុជា នឹងរៀបចំការប្រកួតការគិតលេខរហ័ស និងគណិតវិទ្យារហ័ស អាយ.អេ.អឹម.អេ ថ្នាក់ជាតិលើកទី២ ដែលនឹងធ្វើឡើងនៅសាលពហុបំណង CKCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការប្រកួតប្រជែងនេះ នឹងមានការចូលរួមពីសិស្សានុសិស្សចំនួន៣៦៨នាក់ ដើម្បីប្រកួតប្រជែងគ្នា ក្នុងការដណ្តើមយកឱកាសក្លាយកុមារតំណាងកម្ពុជា ទៅចូលរួមប្រកួតការគិតលេខរហ័ស និងគណិតវិទ្យារហ័ស អាយ.អេ.អឹម.អេ អន្តរជាតិ នៅទីក្រុងហុងកុង នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្រៅពីកិច្ចសហការក្នុងការជួយរៀបចំការប្រឡងថ្នាក់ជាតិលើកទី២នេះ ស.ស.យ.ក រាជធានីភ្នំពេញ ក៏បានចាត់តាំង ឯកឧត្តម ធន់ វឌ្ឍនា សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាង ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដើម្បីចូលរួមជាអធិបតី។

គួបញ្ជាក់ផងដែរថា ការគិតលេខរហ័ស និងគណិតវិទ្យារហ័សអាយ.អេ.អឹម.អេ គឺជាកម្មវិធីសិក្សាជំនួយថ្មីមួយ សម្រាប់អភិវឌ្ឍភាពឆ្លាតវៃរបស់កុមារ តាមរយៈការគិតលេខរហ័សដោយប្រើក្បាច់លេខជាមូលដ្ឋានគ្រិះ រហូតឈានទៅដល់ការប្រើការស្រមៃ ដើម្បីគណនាលេខបានត្រឹមត្រូវ និងលឿនជាងម៉ាស៊ីនគិតលេខ។ វាមិនត្រឹមតែជួយឱ្យកុមារអាចគិតលេខបានរហ័សប៉ុណ្ណោះទេ វាថែមទាំងអាចជួយឱ្យកុមារបង្កើនសមត្ថភាពខួរក្បាល បង្កើនការចងចាំ ចេះសង្កេត និងស្ដាប់បានល្អ មានគំនិតច្នៃប្រឌិត មានភាពបត់បែនខ្ពស់ និងរហ័ស មានភាពក្លាហាន ជឿជាក់លើខ្លួនឯង ចេះវិភាគ ចេះសម្រេចចិត្ត និងដោះស្រាយបញ្ហាបានដោយខ្លួនឯង ព្រមទាំងជួយជំរុញឱ្យកុមារស្រលាញ់មុខវិជ្ជាគណិតវិទ្យាតាំងពីកុមារភាព៕