(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា (NBC) និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានចុះអនុស្សរណៈយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រ សម្រាប់ហិរញ្ញប្បទានឌីជីថលបៃតងនៅកម្ពុជា។

ការចុះអនុស្សរណៈយោគយល់គ្នា​នេះ ត្រូវបានចុះហត្ថលេខាដោយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ នឹងជួយកសាងសមត្ថភាពរបស់ភាគីពាក់ព័ន្ធ តាមរយៈការរៀបចំសិក្ខាសាលា ដើម្បីពិភាក្សាក៏ដូចជា ពិគ្រោះយោបល់ទាក់ទងនឹងបរិវត្តកម្មបៃតង និងនវានុវត្តន៍ឌីជីថល និងស្វែងរកឱកាសក្នុងដំណើរអភិវឌ្ឍន៍ គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងហិរញ្ញប្បទានឌីជីថលបៃតងនៅប្រទេសកម្ពុជា។

បន្ថែមពីនេះអនុស្សរណៈយោគយល់នេះ ក៏អនុញ្ញាតឱ្យមានការអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា ជុំវិញទិដ្ឋភាពហិរញ្ញប្បទានឌីជីថលបៃតងផងដែរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គម្រោងអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។

ធនាគារជាតិនៃកម្ពុជា នាពេលកន្លងមកបានចូលរួម ក្នុងក្របខណ្ឌអន្តរជាតិតាមរយៈគំនិតផ្តួចផ្តើម និងកិច្ចពិភាក្សា ជាមួយស្ថាប័នមួយចំនួនដូចជា ក្រុមការងារបរិយាបន្នហិរញ្ញវត្ថុបៃតង (IGFWG) បណ្តាញសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុបៃតង (NGFS) ក្រុមការងារអាស៊ានលើកិច្ចការបណ្តាញធនាគារ និងហិរញ្ញវត្ថុប្រកបដោយចីរភាព (ASEAN Taskforce on Sustainable Finance) អង្គការ UNESCAP សម្ព័ន្ធសម្រាប់បរិយាបន្នហិរញ្ញវត្ថុ និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ជាដើម ក្នុងកិច្ចការពង្រឹងការចូលរួមផ្តល់ហិរញ្ញប្បទានបៃតង។

ក្នុងនោះធនាគារជាតិនៃកម្ពុជា ក៏បានវិនិយោគទុនបម្រុងអន្តរជាតិមួយផ្នែកលើសញ្ញាបណ្ណបៃតង ព្រមទាំងបានក្លាយជាសមាជិកនៃ គណៈកម្មការពិគ្រោះយោបល់សម្រាប់មូលនិធិបៃតងក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០២២ផងដែរ៕