(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាច បានសម្តែងការហួសចិត្តដែល លោក សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាម ប្រឆាំងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ។ សម្តេចបានលើក ឡើងថា ស័ក្តិសមណាស់ដែលកន្លងទៅ សម្តេចបានដាក់ចេញនយោបាយកម្ចាត់ជនក្បត់ជាតិ៣ជំនាន់រូបនេះ ព្រោះសូម្បីប្រយោជន៍ជាតិក៏ប្រឆាំងដែរ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបចំពោះក្រុមមួយចំនួនដែលបានផ្តល់បទសម្ភាសដល់វិទ្យុបរទេស ថាមានផលប៉ះពាល់ក្នុងការជីកព្រែកប្រវែង១៨០គីឡូម៉ែត។ សម្តេចបញ្ជាក់ថា ក្នុងប្រវែងព្រែកជីកហ្វូណនតេជោ ១៨០គីឡូម៉ែត្រនេះ មានគន្លងចាស់ជាង១០០គីឡូម៉ែត្រទៅហើយ ហើយមានការជីកថ្មីប្រវែងខ្លីប៉ុណ្ណោះ ហើយកម្ពុជាគ្រាន់តែពង្រីកបន្ថែមលើព្រែកចាស់ដែលមានស្រាប់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «នេះជាការមួលបង្កាច់ដោយមជ្ឈដ្ឋានខ្មែរនៅបរទេស ដោយវិទ្យុបរទេសនិយាយភាសាខ្មែរ ជនជាតិខ្មែរដែលមិនស្គាល់ផលប្រយោជន៍ខ្មែរ រហូតដល់មេក្បត់ជាតិ៣ជំនាន់ បង្ហោះសារចេញមក ប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់ខ្លួន ដូច្នេះវាជាការត្រឹមត្រូវណាស់​ដែលខ្ញុំបានដាក់ចេញនូវនយោបាយកម្ចាត់ចោលនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ៣ជំនាន់»

កាលពីទី២៤ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ លោក សម រង្ស៊ី បានបង្ហោះសាររិះគន់គម្រោងព្រែកជីកហ្វូនណនថា ប៉ះពាល់បរិស្ថានសង្គម និងថាធ្វើឡើងដោយពុំមានការសិក្សាច្បាស់លាស់។ ការរិះគន់របស់ លោក សម រង្ស៉ី បានធ្វើឡើងបន្ទោរតាមភាគីវៀតណាម ដែលជំទាស់ទៅនឹងការជីកព្រែករបស់កម្ពុជា។

កាលពីពេលថ្មីៗនេះ អ្នកសិក្សារបស់វៀតណាមនៅវិទ្យាស្ថានកាន់ធឺ បានផ្សព្វផ្សាយអំពីរបាយការណ៍របស់ខ្លួននៅតាមបណ្តាញសារព័ត៌មានបរទេស ដោយចោទប្រកាន់ថា ប្រសិនបើកម្ពុជាធ្វើព្រែកនេះ វានឹងបាត់បង់ទឹកហូរចុះទៅប្រទេសវៀតណាមប្រមាណ៧០ភាគរយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជុំវិញរឿងនេះដូច្នេះថា៖ «ខ្ញុំសូមឆ្លើយត្រឡប់ទៅវិញ តើទឹកដែលបាត់នោះវាទៅណា? ខ្ញុំសួរអញ្ចេះ សូមអ្នកកត់ត្រាហើយ យកទៅឱ្យមេដឹកនាំវៀតណាមមើលទៅ អា៧០ភាគរយវាបាត់ទៅណាទឹកហ្នឹង? បើយើងខ្លួនឯងនេះ វាត្រូវការពារខ្លួនឯង មិនមែនវៀតណាមត្រូវកង្វល់ទេ បើសិនជាយើងបណ្តោយទឹកសាបរបស់យើងឱ្យធ្លាក់ទៅក្នុងសមុទ្រ កម្ពុជាខ្លួនឯងវារងគ្រោះមុនវៀតណាម»

សម្តេចបាននិយាយទៅកាន់វៀតណាមដោយត្រង់តែម្តង ហើយស្នើសុំមេដឹកនាំវៀតណាមកុំថា ហេតុអ្វីសម្តេចមិនព្រមនិយាយជាមួយមេដឹកនាំចាំបាច់និយាយចំហរបែបនេះ? សម្តេចបញ្ជាក់ថា មកពីថ្នាក់ដឹកនាំវៀតណាម មិនព្រមប្រាប់អ្នកខាងក្រោមថា កុំឱ្យនិយាយទុកនិយាយនៅថ្នាក់លើនោះឯង។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មូលហេតុដែលសម្តេចលើកយករឿងព្រែកជីកហ្វូណនមកនិយាយនេះ ក៏ដោយសារតែថ្នាក់ដឹកនាំវៀតណាមខ្វះការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងថ្នាក់ក្រោមរបស់ខ្លួនផងដែរ។

សម្តេចបញ្ជាក់ថា៖ «ខ្ញុំត្រូវតែហ៊ាននិយាយប្រាប់ត្រឡប់ទៅវិញ ដើម្បីឱ្យលឺដល់មេដឹកនាំវៀតណាម ស៊ុន ចាន់ថុល គីឡូមិនគ្រប់ ពន្យល់យ៉ាងម៉េចក៏នៅមិនយល់»