(អាល្លឺម៉ង់)៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ក្នុងនាមប្រធានគណៈប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា, អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងភរិយា បានដឹកនាំគណៈប្រតិភូ ចូលរួមស្តាប់បទបង្ហាញស្តីពី «ប្រព័ន្ធអភិបាលកិច្ចពហុកម្រិត នៃរដ្ឋបាវ៉ារីយ៉ា» នៅក្រសួងមហាផ្ទៃកីឡា និងសមាហរណកម្មនៃរដ្ឋបាវ៉ារីយ៉ា នៅក្នុងទីក្រុងម៉ូនិក។

សូមបញ្ជាក់ថា ឧបនាយករដ្ឋមន្រ្តី ស សុខា បាននិងកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅអាល្លឺម៉ង់។

កាលពីនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោកអភិសន្ដិបណ្ឌិត ស សុខា បានដឹកនាំគណៈប្រតិភូទស្សនកិច្ច មណ្ឌលបញ្ជាការត្រួតពិនិត្យគ្រាអាសន្នរួម និងស្តាប់បទបង្ហាញស្តីពី «កិច្ចសហប្រតិបត្តិការអន្តរទីក្រុងនៅក្នុងវិស័យការពារ និងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន» ដោយលោកបណ្ឌិត Richard Schiebl និងសហការីជំនាញ នៅទីក្រុង Kempten នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

ជាមួយគ្នានេះ លោកក៏បានដឹកនាំគណៈប្រតិភូ ទស្សនកិច្ច House of the Youth (ផ្ទះយុវជន) និងស្តាប់បទបង្ហាញស្តីពី «ការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន» ដោយលោកបណ្ឌិត Richard Schiebl និងសហការីជំនាញ នៅទីក្រុង Kempten សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់៕