(ភ្នំពេញ)៖ លោក ស៊ូ សារ៉ាត់ អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឬស្សីកែវ តំណាងលោក ជិន ប៊ុនធឿន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានដឹកនាំមន្ត្រីពាក់ព័ន្ធ អញ្ជើញទទួលទេយ្យទានសប្បុរសធម៌ ពីព្រះមង្គលរក្ខិតបណ្ឌិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឬស្សីកែវ និងជាព្រះចៅអធិការវត្តញាណរង្សី ក្នុងគោលដៅដើម្បីជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដើម្បីឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហមកម្ពុជា។

ពិធីប្រគល់ និងទទួលទេយ្យទានមានជាគ្រឿងបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកា ដើម្បីជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទនេះ ក៏មានការចូលរួមពីមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ មន្ត្រីសង្ឃអនុគុណខណ្ឌមួយចំនួនទៀត និងបានធ្វើឡើងស្ថិតនៅវត្តញាណរង្សី ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

លោក ស៊ូ សារ៉ាត់ បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអំណរអរគុណយ៉ាងក្រៃលែង ចំពោះព្រះទ័យយកចិត្តទុកដាក់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ក្នុងមូលដ្ឋានខណ្ឌ តាមរយៈអនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌ របស់ព្រះចៅអធិការវត្តញាណរង្សី ជាព្រះអនុគណខណ្ឌ ព្រះមង្គលរក្ខិតបណ្ឌិត ខឹម សម្បត្តិ ពីសំណាក់លោក ជិន ប៊ុនធឿន ប្រធានគណៈកម្មាធការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ជាអភិបាលខណ្ឌ និងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

បន្ថែមពីនេះ លោក ស៊ូ សារ៉ាត់ បានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះ មានដូចជា អង្ករ១តោន, មី១០កេស, ទឹកដោះគោ២០កំប៉ុង, ទឹកក្រូច៥កេស, ទឹកបរិសុទ្ធ១០កេស, ទឹកត្រី១០យួរ, ទឹកស៊ីអ៊ីវ១០យួរ, ស្ករស៣០គីឡូក្រាម, ត្រីខ១០យួរ, តែ២០០កញ្ចប់, សម្ភារៈប្រើប្រាស់ផ្សេងៗ២សម្រាប់, និងថវិកាចំនួន៤លានរៀល ផ្សេងទៀត ឱ្យចំគោលដៅក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះ ព្រះមង្គលរក្ខិតបណ្ឌិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឬស្សីកែវ និងជាព្រះចៅអធិការវត្តញាណរង្សី បានមានថេរដីកាកោតសរសើរគាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយជានិច្ច ក្នុងការចូលរួមចំណែក ដើម្បីលើកកម្ពស់កំលាំងមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕