(ព្រុចសែល)៖ នាទីក្រុងព្រុចសែល ប្រទេសបែលហ្សិក លោកស្រី ទូច សុផារត្ន អនុរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយលោក ម៉ារីអូ រូនកូនី ប្រធានផ្នែកនៃអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិនៃសហភាពអឺរ៉ុប បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការ ស្របពេលនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១២ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ភាគីទាំងពីរបានកត់សម្គាល់អំពីក្របខ័ណ្ឌយុទ្ធសាស្ត្រនៃភាពជាដៃគូសហប្រតិបត្តិការរបស់ផែនការសូចនាករពហុឆ្នាំ (MIP) ២០២១-២០២៤។

កិច្ចប្រជុំក្រុមការងារស្ដីពីកិច្ចសហប្រតិបត្តិការនេះ បានពិភាក្សាអំពីគោលដៅអាទិភាពរបស់កម្ពុជាសម្រាប់ឆ្នាំ ២០២៥-២០២៧ និងមធ្យោបាយដើម្បីរៀបចំការគាំទ្ររបស់សហភាពអឺរ៉ុប បន្ស៊ីនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈវិស័យនៃកិច្ចសហប្រតិបត្តិការដែលរួមមាន៖ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការគាំពារសង្គម, កសិកម្ម និងធនធានធម្មជាតិ, ការអប់រំ និងការអភិវឌ្ឍជំនាញខ្សែច្រវាក់ឧស្សាហកម្មច្រកទ្វារសកល (ការតភ្ជាប់ប្រកបដោយការទុកចិត្ត និងចីរភាពសម្រាប់ប្រជាជន និងភពផែនដី) ការវិនិយោគបរិស្ថាន និងការប្រែប្រួលអាកាសធាតុ កិច្ចសហប្រតិបត្តិការអាស៊ាន សង្គមស៊ីវិល យុវជន និងយេនឌ័រ។

គួរបញ្ជាក់ផងដែរថា យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ត្រូវបានដាក់ចេញដោយ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយកំណត់យកអាទិភាព «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីធ្វើយ៉ាងណាជំរុញឱ្យកម្ពុជាឈានទៅសម្រេចគោលដៅជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០៕