(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹងថ្មីមួយដោយប្រកាសពីការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ តទៅ។

ក្រសួងយុត្តិធម៌ បានឲ្យដឹងថា ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងស្របតាមការណែនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ក្រសួងយុត្តិធម៌បាននិងកំពុងខិតខំបន្តការអភិវឌ្ឍការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ក្នុងគោលបំណងបង្កើនភាពងាយស្រួល និងភាពឆាប់រហ័សដល់សាធារណជនដែលមានតម្រូវការព្រឹត្តិបត្រថ្កោលទោស។

កន្លងមក ក្រសួងយុត្តិធម៌បានដាក់ឲ្យដំណើរការសាកល្បងលើការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី១ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលផ្តល់ភាពងាយស្រួលដល់សាធារណជនទាំងក្នុងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងការបំពេញពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោសពីចម្ងាយ។

ដើម្បីបង្កើនភាពងាយស្រួល និងភាពឆាប់រហ័សបន្ថែមទៀតដល់សាធារណជន លើការស្នើសុំព្រឹត្តិបតថ្កោលទោសនេះ ក្រសួងយុត្តិធម៌ នឹងដាក់ឱ្យដំណើរការ សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះតទៅ។

ការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ នេះនឹងជួយសម្រួលនិងអនុញ្ញាតឱ្យអ្នកស្នើសុំធ្វើការបំពេញពាក្យសុំព្រឹត្តិបត្រថ្កោលទោស ដោយភ្ជាប់នូវឯកសារចាំបាច់មួយចំនួនតាមអនឡាញ ព្រមទាំងអាចទូទាត់ប្រាក់សេវាតាមប្រព័ន្ធអេឡិចត្រូនិក (E-payment)។

នៅពេលដល់ថៃ្ងកំណត់ទទួលយកព្រឹត្តិបត្រថ្កោលទោស, សម្រាប់សាធារណជននៅក្នុងប្រទេស ត្រូវអញ្ជើញមកទទួលដោយផ្ទាល់នៅ នាយកដ្ឋានកិច្ចការថ្កោលទោស នៃក្រសួងយុត្តិធម៌ និងត្រូវភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើមពាក់ព័ន្ធនានា និង សម្រាប់សាធារណជននៅក្រៅប្រទេស ត្រូវអញ្ជើញមកទទួលដោយផ្ទាល់នៅបណ្តាស្ថានទូត ឬស្ថានកុងស៊ុលកម្ពុជា ឬនៅតាមការិយាល័យប្រៃសណីយ៍ ដែលនៅជិតបំផុត និងត្រូវភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើមពាក់ព័ន្ធនានា។

ដើម្បីប្រើប្រាស់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២នេះ តម្រូវឱ្យសាធារណជនទាញយកកម្មវិធីដែលមានឈ្មោះថា CR-MOJ ពី APP Store សម្រាប់ប្រព័ន្ធ IOS ឬពី PLAY Store សម្រាប់ប្រព័ន្ធ Android ដោយអនុវត្តតាមការណែនាំនៅក្នុងកម្មវិធីនេះ។

សូមបញ្ជាក់ថា សាធារណជននៅតែអាចអញ្ជើញមកបំពេញបែបបទស្នើសុំព្រឹត្តិបត្រថ្កោលទោសដោយផ្ទាល់នៅ នាយកដ្ឋានកិច្ចការថ្កោលទោស នៃក្រសួងយុត្តិធម៌ ដូចបានអនុវត្តកន្លងមកផងដែរ៕