(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រការយកសូត្រ ហូល ផាមួងកាត់ជាអាវធំ និងចង់ឱ្យភរិយាកាត់ជូនសម្តេចនេះមួយកំប្លេផងដែរ។

ការប្រកាសគាំទ្របែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនី នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសយ៉ាងដូច្នេះថា៖ «ខ្ញុំឃើញនៅលើ Facebook គាត់លក់ខោអាវ គាត់ច្នៃប្រឌិត ប៉ុន្តែ នៅប្រើសូត្រ ហូផាមួងរបស់ខ្មែរ អ្នកខ្លះកាត់ងាវធំ តែយកផាមួង មកកាត់ទៅហើយ ខ្ញុំគិតថាប្រពន្ធគួរតែកាត់ឱ្យប្តីម៉ាកំប្លេដែលទៅ កំពុងចរចាគាត់ នេះជាការច្នៃប្រឌិតបែបនេះដែលយើងត្រូវធ្វើ»

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការអភិរក្សដែលសម្តេចបានប្រាប់ពីអ្វីដែលត្រូវផ្សព្វផ្សាយពីកម្ពុជា របាំអប្សរា របាំជូនពរដែលគ្រងគ្រឿងជាអប្សរា ប៉ុន្តែ មិនចាំបាច់រាំតែមួយវិធីនោះទេ ប៉ុន្តែ យើងអាចច្នៃប្រឌិត វប្បធម៌ទំនើប។ ខណៈប្រទេសមួយចំនួនឧទាហរណ៍ប្រទេសកូរ៉េខាងត្បូង ការផ្សព្វផ្សាយវប្បធម៌ គឺមិនមែនប្រពៃណីដើមនោះទេ ប៉ុន្តែ គឺ KPOP ដែលជាវប្បធម៌ថ្មីរបស់កូរ៉េ កើតចេញពីការច្នៃប្រឌិត និងមានក្តីជំនឿថា សិល្បករ សិល្បការិនីកម្ពុជា ដែលច្នៃប្រឌិតបែបទំនើបនេះអាចធ្វើបានផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ផលិតផលដូចគ្នា ប៉ុន្តែពេលខ្លះសម្រាប់អ្នកទស្សនានៅក្នុងប្រទេស តែមានការច្នៃប្រឌិត ឱ្យស្របតាមស្តងដារអន្តរជាតិ តែមិននៅរក្សាបានអន្តសញ្ញាណខ្មែរ រៀបរាប់ពីរឿងអក្សរសិល្ប៍របស់ខ្មែរ ចំណុចនេះ គឺជាការរុញវប្បធម៌របស់ខ្មែរ ទៅកាន់ឆាកអន្តរជាតិបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអភិរក្ស និងការអភិវឌ្ឍត្រូវការដើរទន្ទឹមគ្នា ដើម្បីធ្វើយ៉ាងណាឱ្យវប្បធម៌ សិល្បៈរបស់ខ្មែរ នៅគង់វង្ស ថិតថេររាប់ពាន់ឆ្នាំ ចំណុចនេះគឺជាអ្វីដែលកម្ពុជា ត្រូវបន្តធ្វើ យើងប្រែប្រួលទៅតាមរបត់ ប៉ុន្តែ មិនឱ្យបាត់បង់អត្តសញ្ញាណជាតិខ្មែរនោះទេ។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យមានការកត់ត្រាឱ្យបានច្បាស់លាស់ ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌សិល្បៈរបស់ខ្មែរ ឱ្យបានពិតប្រាកដ។ ការអភិវឌ្ឍផ្នែកសិល្បៈ ត្រូវផ្សារភ្ជាប់នូវទម្រង់ដែលជាអត្តសញ្ញាណរបស់ខ្មែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើសមាហរណកម្មវិស័យវប្បធម៌ចូលទៅក្នុងពិភពលោក គឺបង្កើតបានជាឱកាសឱ្យកម្ពុជា អាចបង្ហាញអ្វីដែលខ្មែរមាន អ្វីដែលជាអត្តសញ្ញាណរបស់ខ្មែរនៅលើឆាកអន្តរជាតិ។ ការសម្ដែងរបាំខ្មែរជាច្រើននៅលើវេទិកាជាតិ និងអន្តរជាតិជាច្រើន បាននាំប្រពៃណីវប្បធម៌របស់កម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា បានរបាំជូនពរ របាំសហសម័យ ចម្រៀងសម័យនៅកម្ពុជា នៅក្រៅប្រទេសតាមវេទិកាផ្សេងៗ ទៅបង្ហាញអន្តរជាតិ ការរៀបចំពិធីដាក់តាំងពិពណ៌ផ្សេងៗ ដែលមានរូបចម្លាក់ខ្មែរនៅគ្រប់ពិពណ៌អន្តរជាតិ ភាពយន្តខ្មែរដែលបានដាក់បញ្ចាំងនៅអន្តរជាតិ ភាពយន្តខ្មែរដែលថតពីកម្ពុជា បានអនុញ្ញាតឱ្យនាំយកនូវវប្បធម៌សិល្បៈរបស់ខ្មែរទៅបង្ហាញបរទេស៕